គ្រួសារពលការិនីខ្មែរនៅខេត្តស្ទឹងត្រែង បានអះអាងថា ពួកគេមិនអាចទាក់ទងសាច់ញាតិចំនួន ៣នាក់ ដែលធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បានឡើយ ក្រោយពីពួកគាត់បានស្វែងរកកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលឲ្យ ជួយសង្គ្រោះពលការិនីទាំងនោះពីអំពើហិង្សា រំលោភកិច្ចសន្យាការងាររបស់ថៅកែ។
ស្ត្រីខ្មែរទាំងបីនាក់នោះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំពលករទៅប្រទេសម៉ាឡេស៊ី ចំនួនពីរឆ្នាំ ប៉ុន្តែកិច្ចសន្យាការងារហួសរយៈពេលមួយឆ្នាំ ហើយថៅកែមិនអនុញ្ញាតឲ្យពលការិនីខ្មែរនេះវិលត្រឡប់មកស្រុកកំណើត វិញឡើយ។
ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា អំពាវនាវជាថ្មីទៀតសុំឲ្យស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ស្វែងរកពលការិនីខ្មែរចំនួនបីនាក់ដែលបាត់ដំណឹងនៅ ប្រទេសម៉ាឡេស៊ី។
ស្ត្រីឈ្មោះ ម៉ាន អុន រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាលាបរិវ៉ាត់ មានប្រសាសន៍បញ្ជាក់ថា ក្មួយរបស់គាត់ពីរនាក់បានបាត់ដំណឹងតាំងឆ្នាំ២០១១ បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំពលករឈ្មោះ អេ.ឌី.ភី (ADP) ទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី។ ចំណែកកូនស្រីរបស់គាត់ ក៏ត្រូវថៅកែម៉ាឡេស៊ី ផ្តាច់មិនឲ្យទាក់ទងផ្តល់ដំណឹងអ្វីមកគាត់ជាម្តាយ តាំងពីខែកក្កដា កន្លងទៅ បន្ទាប់ពីកូនស្រីបានទូរស័ព្ទប្រាប់ថា នាងត្រូវថៅកែវាយគំរាម ដោយសារតែនាងទាមទារវិលត្រឡប់មកលំនៅឋានវិញក្រោយពេលបញ្ចប់កិច្ច សន្យា។
អ្នកស្រីបន្តថា បានដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ទៅស្នងការដ្ឋាននគរបាលខេត្ត និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ច្រើនខែហើយ ប៉ុន្តែមិនឃើញមានដំណឹងអ្វីពីពលការិនីទាំងនោះនៅឡើយ៖ «ក្រុមហ៊ុន គេយកទៅថាតែពីរឆ្នាំទេ មីងចប់អាណត្តិមកវិញ ហើយធ្លាក់បីឆ្នាំក៏មិនឃើញ ថាបន្តអាណត្តិ ដល់ពេលខ្ញុំទូរស័ព្ទសួរវាទៅ ខ្ញុំមិនទាន់ប្ដឹងគេថាខ្ញុំអត់បានតអាណត្តិទេ ថៅកែទេលួចតអាណត្តិ។ ពេលនេះបាត់ឈឹងទៅ»។
អានបន្ត៖ គ្រួសារនៅស្ទឹងត្រែងអំពាវនាវជាថ្មីឲ្យជួយស្វែងរកពលការិនី៣នាក់នៅម៉ាឡេស៊ី
