ឧត្តរមានជ័យៈ ករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតមួយបានកើតឡើងនៅឃុំ លំទង ស្រុក អន្លង់វែង បណ្តាលឲ្យបុរសពីរនាក់ជាឪពុកមានិងក្មួយស្លាប់នៅនឹងផ្ទះកើត ហេតុ រីឯស្ត្រីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់ និងម្តាយមីងរបួសស្រាល ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសង្គ្រោះ។
ស្ត្រីរងរបួស ដោយសារការបំផ្ទុះគ្រាប់បែករបស់ប្តីប្រមឹក
ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត ១០ យប់ ថ្ងៃ ទី២៥ វិច្ឆិកា នៅពេលបុរសឈ្មោះ ហៃ រឿម អាយុ ៣៧ឆ្នាំ ជាប្តីស្ត្រីមានផ្ទៃពោះឈ្មោះ ចាន់ ថេង អាយុ ៣៥ឆ្នាំ ខឹងនឹងប្រពន្ធរត់មករកឪពុកមាឈ្មោះ ពួក ផា អាយុ ៤៥ឆ្នាំ ឲ្យជួយខណៈគាត់ជាប្តីប្រើហិង្សាវាយធ្វើបាបប្រពន្ធនិងកូន ដោយសារស្រវឹងស្រា។ តែត្រូវប្តីតាមទៅដល់ផ្ទះមានៅជិតគ្នានោះ ហើយក៏ទាស់សម្តីជាមួយឪពុកមា ព្រោះការពារប្រពន្ធក៏កើតមានរឿងបោកគ្រាប់បែកតែម្តង។ ក្នុងហេតុការណ៍នោះម្តាយមីងឈ្មោះ ណយ មិញ អាយុ ៤៤ឆ្នាំ ក៏រងរបួសស្រាលដែរ។ នេះបើតាមសម្តីរបស់អ្នកជិតខាងផ្ទះកើតហេតុនិងសមត្ថកិច្ចនគរបាល ឲ្យដឹងកាលពីម្សិលមិញ។
អ្នកស្រី ស៊ូ ពិសី អាយុ ៥០ឆ្នាំ រស់នៅក្បែរខាងផ្ទះកើតហេតុ ក្នុងភូមិ គោកសំព័រ បានឲ្យដឹងថា នៅយប់ម៉ោងប្រហែល ៨ និង ៤០នាទី បុរសជាប្តីដែលទៅផឹកស៊ីរួចបានត្រឡប់មកផ្ទះ ក៏បានហៅស្ត្រីជាប្រពន្ធឲ្យដាស់កូនស្រីអាយុ ១៦ឆ្នាំ ដែលកំពុងដេកលង់លក់ឲ្យងើបឡើង ព្រោះអ្នកជិតខាងរកនាង ព្រោះគេមានថ្នាំលាបសក់យកមកឲ្យ។ តែស្ត្រីជាប្រពន្ធមិនបានដាស់កូនឲ្យទាន់ចិត្ត ក៏ត្រូវបុរសជាប្តីវាយធ្វើបាបតែម្តង។
