ភ្នំពេញៈ មន្ត្រីសាលាដំបូងរាជធានីបានឲ្យដឹង ថា នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ កន្លងទៅបណ្តឹងស្ត្រីសុំលែងលះប្តីមាន ៧០ភាគរយក្នុងចំនោមបណ្ដឹងលែងលះ១២៨៧ បណ្តឹង។
លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួបលើកទី១០៣ នៃទិវាសិទ្ធិអន្តរជាតិនារី៨មីនា ដែលបានប្រារព្ធធ្វើនៅសាលាដំបូងរាជធានីភ្នំពេញ កន្លងទៅថា នៅក្នុងចំណោមពាក្យបណ្តឹងចំនួន១ ២៨៧បណ្តឹងគឺបណ្តឹងភាគច្រើនបណ្តឹងរបស់ស្ត្រីសុំលែងលះ ប្តីរបស់ពួកគេ។
លោកបានថ្លែងថា៖ «បើគិតជាបរិមាណ ប្រពន្ធប្តឹងលែងប្តីអាចដល់៧០ភាគរយ។ ចំណែកឯបណ្តឹង ប្តីប្តឹងសុំលែងប្រពន្ធវិញ គឺមានប្រមាណ តែ ៣០ភាគរយប៉ុណ្ណោះ»។
មន្រ្តីតុលាការរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បាន ឲ្យដឹងថា បណ្តឹងរបស់ស្ត្រីប្តឹងសុំលែងប្តីដោយសារតែប្តីពួកគេដើរលេង ផឹកស៊ីពេលយប់មិនចូលផ្ទះ មានស្រីខាងក្រៅ និងចុះចោលដំណេក។ល។ ចំណែកឯបណ្តឹងបុរសសុំលែងប្រពន្ធវិញ ដោយសាររស់នៅមិនចុះសម្រុងគ្នាឬប្រពន្ធ មិនឲ្យរួមសង្វាស។
មន្ត្រីរូបនេះបានបន្ថែមថា ក្នុងចំណោម បណ្តឹងខាងលើនេះ មានបណ្តឹងលែងលះខ្លះត្រូវបានសះជាគ្នាវិញក៏មានដែរ បន្ទាប់ពីមានការផ្សះផ្សាពីចៅក្រមជំនុំជម្រះ។
លោកឲ្យដឹងថា នេះសបញ្ជាក់ថា ស្ត្រីខ្មែរបច្ចុប្បន្នមានការអភិវឌ្ឍ និងជឿនលឿនដែល បានកំពុងតែប្រើប្រាស់សិទ្ធិ សេរីភាពរបស់ពួកគេយ៉ាងបរិបូរណ៍ ដូចមានចែងនៅក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ៕
