សាវតា៖
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។
អំពីអ្នកបង្កើតស្នាដៃ៖
ស៊ីន ម៉ៅធាង ឈិត ស្រីដា និងសមាជិក ៧រូបផ្សេងទៀតជានិស្សិតមហាវិទ្យាល័យមុខជំនាញសិល្បៈ ផ្សេងៗគ្នា បានបង្កើតជាក្រុមមួយដែលមានឈ្មោះថា “មយូរ” ទទួលបានការណែនាំ និងដឹកនាំពីលោកគ្រូសិល្បៈមានជំនាញច្បាស់លាស់ ដោយប្រើរបាំសហសម័យដែលមានឈ្មោះថា “សិទ្ធិខ្ញុំ” មកចូលរួមក្នុងកម្មវិធី ។ របាំនេះ ជារបាំដែលយកមូលដ្ឋាននៃក្បាច់បាតមកលាយបញ្ចូលគ្នាជាមួយសម័យឱ្យទទួលបានរសជាតិថ្មី ប្លែក មនោសញ្ចេតនា ក្នុងគោលបំណងរំលេចនូវទម្រង់នានានៃការរើសអើងផ្អែកលើយេនឌ័រមកលើស្រ្តី និងអ្នកស្រលាញ់ភេទដូចគ្នា ។ នៅក្នុងការ សំដែងរាំជា ៤ ឈុតខុសៗគ្នានេះ ការសម្តែងរាំក្នុងឈុតនិមួយៗឆ្លុះបញ្ចាំងអំពីតថភាពពិតនៃសង្គម ជាអត្ថបទពាក្យរាយលាយបញ្ចូលពាក្យកាព្យធ្វើឱ្យសាច់រឿងកាន់តែល្អជក់ចិត្ត ។ ការសម្តែងនេះបង្ហាញអំពីបទពិសោធន៍ឈឺចាប់របស់ស្រ្តី និងអ្នកស្រលាញ់ភេទដូចគ្នា ហើយធ្វើការអំពាវនាវអោយមានការលុបបំបាត់នូវរាល់ការរើសអើងគ្រប់ទម្រង់ផ្អែក លើភេទ ។
ឭ.
ទស្សនាវីដេអូក្រុមរបាំ៖ https://youtu.be/kjLoeESEypw
ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o