សេចក្តីថ្លែងការណ៍រួម
ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦
«ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា»
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សមាគមបណ្តាញយុវជនកម្ពុជា (CYN) អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍ (PED) គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW) សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)អង្គការតម្លាភាពកម្ពុជា (TI Cambodia) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរួមគ្នារៀបចំកម្មវិធីអបអរទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ កម្មវិធីនេះមានអ្នកចូលរួមសរុប ១៤៦នាក់ ក្នុងនោះស្ត្រី ៦៣នាក់ និងអ្នកស្រឡាញ់ភេទដូចគ្នា ៣នាក់ រួមមានតំណាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហជីព យុវជន និងភាគីពាក់ព័ន្ធ។
តាមរយៈការបង្ហាញទស្សនៈរបស់យុវជន កិច្ចពិភាក្សាលើប្រធានបទ «យុវជន និងការងារ» និង «យុវជន និងសង្គមឌីជីថល» ព្រមទាំងកិច្ចពិភាក្សាក្រុម អ្នកចូលរួមបានបញ្ជាក់ថា យុវជនមិនមែនគ្រាន់តែជាអ្នកទទួលផលនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូធនធានគន្លឹះនិងកម្លាំងចលករដ៏សំខាន់សម្រាប់អនាគតកម្ពុជា។ ដើម្បីឱ្យយុវជនអាចប្រើប្រាស់នូវសក្តានុពលរបស់ពួកគេពេញលេញ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបាន ពួកគេត្រូវការឱកាសស្មើគ្នា ការងារសមរម្យ ជំនាញសមស្រប សុខភាពល្អ និងលំហសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង ទាំងនៅក្នុងសហគមន៍ កន្លែងធ្វើការ និងលើប្រព័ន្ធឌីជីថល។
កង្វល់រួមរបស់យុវជន
១. យុវជន ការអប់រំ និងការងារ៖ អ្នកចូលរួមបានកត់សម្គាល់ពីគម្លាតរវាងការអប់រំ ជំនាញ និងតម្រូវការទីផ្សារការងារ ការខ្វះព័ត៌មាននិងការប្រឹក្សាអាជីព ឱកាសហាត់ការ និងការងារនៅតាមបណ្តាខេត្ត ព្រមទាំងការលំបាករបស់យុវជននៅតំបន់ជនបទនិងតំបន់ដាច់ស្រយាលក្នុងការទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញ វិទ្យាជីវៈ ប្រកបដោយគុណភាព។ ប្រាក់ឈ្នួលមិនសមរម្យនឹងតម្រូវការជីវភាព កង្វះការយល់ដឹងអំពីសិទ្ធិការងារ និងសេរីភាពជាមូលដ្ឋាន ការចូលរួមសហជីព និងការចរចាជាសមូហភាព ក៏ជាកង្វល់ដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។ ជាពិសេស យុវជនមួយចំនួនបន្តប្រឈមនឹងឧបសគ្គ និងការរើសអើងក្នុងការទទួលបានការអប់រំ ការបណ្តុះបណ្តាល និងការងារ ដោយសារអត្តសញ្ញាណភេទ ឬនិន្នាការយេនឌ័រ ស្ថានភាពសេដ្ឋកិច្ចសង្គម ពិការភាព ជនជាតិដើមភាគតិច ទីតាំងភូមិសាស្រ្ត និងកត្តាផ្សេងៗទៀត។ ការព្រួយបារម្ភនៃការបាត់បង់ដីធ្លី ព្រៃឈើ ធនធានធម្មជាតិដែលជាប្រភពចិញ្ចឹមជីវិត ការងារ សន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅ ព្រមទាំងចំណេះដឹង វប្បធម៌ និងប្រពៃណីដ៏សំខាន់របស់សហគមន៍ជនជាតិដើមភាគតិច និងប្រជាជាតិកម្ពុជាក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ផងដែរ។
២. យុវជន និងសង្គមឌីជីថល៖ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការសិក្សា ការស្រាវជ្រាវ ការងារ និងទំនាក់ទំនង ប៉ុន្តែក៏នាំមកនូវហានិភ័យដូចជា ព័ត៌មានមិនពិត ការឆបោក ការយាយីតាមអ៊ីនធឺណិត ការបំពានឯកជនភាព ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនមិនត្រឹមត្រូវ និងការពឹងផ្អែកលើ AI ខ្លាំងពេក។ យុវជនមួយចំនួន ជាពិសេសយុវជនជាស្រ្តី និងយុវជនដែលមានអត្តសញ្ញាណភេទ ឬនិន្នាការផ្លូវភេទផ្សេងគ្នាអាចប្រឈមនឹងការយាយី គំរាមកំហែង ការបៀតបៀន និងអំពើហិង្សាដែលពាក់ព័ន្ធ នឹងយេនឌ័រនៅក្នុងលំហឌីជីថល ។ អក្ខរកម្មឌីជីថល កង្វះសន្តិសុខឌីជីថល ក្រមសីលធម៌ក្នុងការបញ្ចេញមតិ និងយន្តការរាយការណ៍ដែលងាយស្រួលប្រើ ធ្វើឱ្យយុវជនជាច្រើននៅតែប្រឈមនឹងអសុវត្ថិភាព និងសម្ពាធក្នុងលំហអនឡាញ។
៣. ភាពធន់ និងលំហសុវត្ថិភាព៖ យុវជនកំពុងប្រឈមនឹងសម្ពាធផ្លូវចិត្ត បញ្ហាសុខភាពផ្លូវកាយ ភាពក្រីក្រ ការប្រែប្រួលសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីការបាត់បង់ឱកាសការងារដោយសារការផ្លាស់ប្តូរនៃបចេ្ចកវិទ្យា។ ផ្នត់គំនិតសង្គម ការសើចចំអក និងការវិនិច្ឆ័យអ្នកដែលមានបញ្ហាផ្លូវចិត្ត ក៏អាចរារាំងពួកគេមិនឱ្យស្វែងរកជំនួយនៅពេលពួកគេត្រូវការ។ ការឆ្លើយតប និងការគាំទ្រត្រូវផ្អែកលើគោលការណ៍បរិយាបន្ន និងសមធម៌ ដោយយកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃបទពិសោធន៍ និងតម្រូវការរបស់យុវជនគ្រប់ក្រុម ជាពិសេសយុវជននៅជនបទ ជនជាតិដើមភាគតិច ជនមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
សំណូមពរ និងអនុសាសន៍រួម
១. ការអប់រំ និងការអភិវឌ្ឍជំនាញ៖ សូមឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងគុណភាពដោយផ្តោតលើការអនុវត្ត ជំនាញគិតវិភាគ ជំនាញធ្វើការរួមគ្នា ជំនាញបច្ចេកវិទ្យា និងជំនាញរស់នៅក្នុងសង្គម។ កម្មវិធីសិក្សាចាប់ពីថ្នាក់វិទ្យាល័យគួរបញ្ចូលការណែនាំអាជីព សិទ្ធិការងារ និងសិទ្ធិបង្កើតសហជីព អក្ខរកម្មនិងសីលធម៌ឌីជីថល សន្តិសុខតាមអ៊ីនធីណិត ព្រមទាំងចំណេះដឹងអំពីការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការគោរពភាពចម្រុះនៃយេនឌ័រ។ បង្កើននូវការចងក្រងចំណេះដឹង និងជំនាញបែបប្រពៃណីពីចាស់ទុំផ្សារភ្ជាប់ជាមួយចំណេះដឹងសម័យថ្មីទៅដល់យុវជនជនជាតិដើមភាគតិចស្របទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។ ត្រូវពង្រីកកម្មវិធីអាហារូបករណ៍ កន្លែងស្នាក់នៅ សាលារៀន ធនធានសិក្សា ការប្រឹក្សាយោបល់ និងតម្រង់ទិស និងការគាំទ្រជាពិសេសដល់យុវជនផ្សេងទៀតនៅតាមតំបន់ដាច់ស្រយាល ជាពិសេសយុវជនដែលជាជនមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា និងជនជាតិដើមភាគតិចជាដើម។
២. ការងារសមរម្យ និងកិច្ចគាំពារសង្គម៖ សូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ពង្រីកព័ត៌មានទីផ្សារការងារ ការប្រឹក្សាអាជីព ឱកាសហាត់ការ មជ្ឈមណ្ឌលតេស្តសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនឱ្យបានទូលំទូលាយ។ គួរបង្កើតឱកាសការងារបន្ថែមនៅតាមបណ្តាខេត្ត និងតំបន់ជនបទ យកចិត្តទុកដាក់ជាពិសេសចំពោះយុវជនក្រីក្រ និងក្រុមដែលងាយរងគ្រោះ និងប្រឈមការរើសអើងក្នុងការទទួលបានការងារ ។ សូមកំណត់ប្រាក់ឈ្នួលគោលឱ្យសមស្របនឹងស្ថានភាពសេដ្ឋកិច្ច និងធានាការអនុវត្តសិទ្ធិការងារ របបសន្តិសុខសង្គម ជាពិសេសដាក់ចេញនូវគោលនយោបាយ និកម្មភាពការងារ ដើម្បីធានានូវសន្តិសុខការរស់នៅ ដែលជាសំណាញ់សុវត្ថិភាពជៀសផុតពីការរងគ្រោះនានា រួមទាំងសិទ្ធិក្នុងការបង្កើត និងចូលរួមសហជីពដោយសេរី ដោយគ្មានការរើសអើង ជ្រៀតជ្រែក ឬការដាក់ទណ្ឌកម្មនានាឡើយ។ កន្លែងធ្វើការ គួរមានការតម្រូវអោយមានគោលនយោបាយ និងយន្តការការពារការរើសអើង និងយាយីនានា រួមមានអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធានាយុវជនគ្រប់រូបអាចធ្វើការក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសមភាព។
៣. សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖ សូមឱ្យក្រសួងសុខាភិបាល ក្រសួងអប់រំ និងដៃគូរពាក់ព័ន្ធ បង្កើនការអប់រំ និងសេវាប្រឹក្សាផ្លូវចិត្តដែលងាយស្រួលទទួលបាន មានសុវត្ថិភាព រក្សាការសម្ងាត់ មិនរើសអើង ដោយឆ្លើយតបតាមតម្រូវការ និងភាពចម្រុះរបស់យុវជន។ ផ្តល់ការគាំទ្រ សហការល្អលើកទឹកចិត្តយុវជនចូលរួមកិច្ចការងារសហគមន៍ និងសង្គម។ ស្ថាប័នសាធារណៈ សាលារៀន កន្លែងធ្វើការ គ្រួសារ និងសហគមន៍ ត្រូវចូលរួមលុបបំបាត់ការរើសអើង ការស្តីបន្ទោស និងការសើចចំអក ហើយបង្កើតបរិយាកាសដែលអនុញ្ញាតិអោយយុវជនគ្រប់រូបមានសិទ្ធិបញ្ចេញមតិ ស្វែងរកជំនួយដោយសុវត្ថិភាពនៅពេលពួកគេត្រូវការ។
៤. សុវត្ថិភាព និងអក្ខរកម្មឌីជីថល៖ សូមឱ្យក្រសួង និងស្ថាប័នមានសមត្ថកិច្ចរៀបចំគោលនយោបាយ និងយន្តការច្បាស់លាស់សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងបច្ចេកវិទ្យាឌីជីថល និង AI ដោយគោរពសិទ្ធិឯកជនភាព សុវត្ថិភាព និងសិទ្ធិមនុស្សរបស់អ្នកប្រើប្រាស់។ ត្រូវផ្សព្វផ្សាយអក្ខរកម្មឌីជីថលឱ្យបានទូលំទូលាយ រួមទាំងការយល់ដឹងអំពីការផ្ទៀតផ្ទាត់ព័ត៌មាន ការការពារទិន្នន័យ ការចាក់សោសុវត្ថិភាពពីរជាន់ និងការប្រើ AI ដោយមានការទទួលខុសត្រូវ ព្រមទាំងពង្រឹងយន្តការរាយការណ៍ និងការឆ្លើយតបចំពោះ ការឆបោក ការយាយី ការគំរាមកំហែង ការបំពានឯកជនភាព និងអំពើហិង្សាតាមប្រព័ន្ធអនឡាញ ជាពិសសេសអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
៥. តួនាទីរបស់និយោជក វិស័យឯកជន និងរាជរដ្ឋាភិបាល៖ សូមឱ្យនិយោជក វិស័យឯកជន និងរាជរដ្ឋាភិបាល ធ្វើការគាំទ្រដោយ បង្កើតកន្លែងសិក្សា កន្លែងធ្វើការ ផ្តល់ការគាំពារសង្គម ផ្តល់អត្ថិភាពកូតាការងារ ប្រាក់ខែគោលសមរម្យ និងលំហឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ននិងគ្មានការរើសអើង។ ត្រូវបន្តផ្តល់វគ្គបណ្តុះបណ្តាល ការប្រឹក្សា ការគាំទ្រផ្នែកច្បាប់ សង្គម និងផ្លូវចិត្ត ព្រមទាំងពង្រីកឱកាស និងបណ្តាញយុវជនទៅដល់សហគមន៍ និងតំបន់ដាច់ស្រយាល ដើម្បីធានាមិនមានយុវជនណាម្នាក់ត្រូវបានទុកចោល។
៦. ការចូលរួម និងភារកិច្ចរបស់យុវជន៖ យុវជនគួរបន្តស្វ័យសិក្សា ពង្រឹងជំនាញ និងតាមដានព័ត៌មានពីប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មានជាមួយអ្នកជំនាញ ឬស្ថាប័នពាក់ព័ន្ធមុនពេលចែករំលែក។ យុវជនត្រូវការពារទិន្នន័យផ្ទាល់ខ្លួន ប្រើបច្ចេកវិទ្យាដោយគោរពសិទ្ធិអ្នកដទៃ រក្សាក្រមសីលធម៌ក្នុងការបញ្ចេញមតិ ហ៊ានរាយការណ៍អំពីការរំលោភបំពាន និងហ៊ានស្វែងរកជំនួយនៅពេលមានបញ្ហា។ ព្រមជាមួយនេះ យុវជនគួរចូលរួមក្នុងសកម្មភាព ការពារបរិស្ថាន ជួយកិច្ចការងារសហគមន៍ ការលើកកម្ពស់សមភាពយេនឌ័រ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ។
យើងខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហជីព វិស័យឯកជន សហគមន៍ និងយុវជន គឺជាគ្រឹះសម្រាប់កសាងធនធានយុវជនដែលមានសមត្ថភាព ភាពធន់ និងទំនុកចិត្ត និងអំណាចក្នុងការចូលរួមសម្រេចចិត្តលើបញ្ហាដែលប៉ះពាល់ដល់ជីវិតរបស់ខ្លួន។ យើងខ្ញុំក៏សូមអំពាវនាវឱ្យក្រសួង និងភាគីពាក់ព័ន្ធយកអនុសាសន៍ខាងលើទៅរៀបចំជាសកម្មភាពជាក់ស្តែង និងបន្តបង្កើតកិច្ចសន្ទនាប្រកបដោយបរិយាបន្ន សមភាព សមធ៌ម និងការគោរពសិទ្ធិមនុស្ស ដើម្បីធានាថាសំឡេង បទពិសោធន៍ និងតម្រូវការរបស់យុវជនគ្រប់ក្រុម ត្រូវបានស្តាប់ យកចិត្តទុកដាក់ និងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។ យើងបេ្តជ្ញាបន្តរួមគ្នាពង្រឹងភាពធន់ និងលំហសុវត្ថិភាព បរិយាបន្ន និងគ្មានការរើសអើងសម្រាប់យុវជនគ្រប់រូប ដើម្បីឱ្យពួកគេបអាចរៀនសូត្រ ធ្វើការបញ្ចេញមតិ ចូលរួមក្នុងសង្គម និងរួមចំណែកកសាងអនាគតកម្ពុជាប្រកបដោយសមភាព សមធម៌ បរិយាបន្ន និងចីរភាព៕
#ទិវាយុវជនអន្តរជាតិ២០២៦ #យុវជនកម្ពុជា #ពង្រឹងភាពធន់ #លំហសុវត្ថិភាព #ការចូលរួមរបស់យុវជន
PDF: Download full statement in Khmer
តាមដានគេហទំព័រហ្វេសប៊ុក NGO-CEDAW

