ភ្នំពេញប៉ុស្តិ៍៖ បី​នាក់​ក្នុង​១០​នាក់​ដែល​រំលោភ​បូក​បញ្ជូន​ទៅ​តុលាការ

បន្ទាយមានជ័យៈ ជន​សង្ស័យ​ចំនួន​បី​នាក់​ក្នុង​ចំណោម​បក្ខ​ពួក ១០ នាក់ ដែល​ចាប់​រំលោភ​យុវតី​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ចាត់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

លោក ព្រហ្ម ថេន នាយ​ការិយាល័យ​ជួញដូរ​មនុស្ស ការពារ​អនីតិជន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ រិទ្ធ សុភាព ហៅ ធា ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ ជា​អ្នក​ដែល​ចាប់​រំលោភ​ស្ត្រី​នោះ​មុន​គេ ឃួន វុទ្ធីសែន ហៅ ក្រឹម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង ញឹម ធ្នូ ហៅ នូ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​សុទ្ធ​តែ​សិស្ស ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ មានជ័យ ត្រូវ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​សហការ​ជាមួយ អាវុធហត្ថ ស្រុក​ម៉ាឡៃ ចាប់​ខ្លួន​នៅ​វេលា​ម៉ោង ៩ កន្លះ ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ភូមិ​ប៉ោយចារ ឃុំ​គុត្តសត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា៖ «ជនសង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»។

មន្ត្រី កងរាជ​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ជនរងគ្រោះ​ទៅ​មើល​គេ​បញ្ចាំង​កុន​ក្នុង​វត្ត​រស្មី​មាន​ជ័យ​តែ​ម្នាក់ឯង នៅ​ម៉ោង​១០​កន្លះ​យប់ ពេល​កុន​ចប់ នាង​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ។ លុះ​មក​ដល់​សាលា​បឋម​សិក្សា​ត្មាត​ពង ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ម៉ូតូ​នាង​ដាច់​ច្រវាក់ ខណៈ​នោះ​មាន​ក្មេង១ក្រុម ដែល​មាន​ម៉ូតូ​៨​គ្រឿង​និង​បក្ខ​ពួក​១០​នាក់​បាន​ចាប់​អូស​នាង​យក​ទៅ​កន្លែង ស្ងាត់​ជិត​នោះ ហើយ​ចាប់​រំលោភ ម្ដង​ម្នាក់ៗ រួច​គេច​ខ្លួន​បាត់​អស់។ ចំណែក​ស្រី្ត​រងគ្រោះ​ឈ្មោះ ព.ណ អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ​នេះ​ដែរ។

អានបន្ត៖ បី​នាក់​ក្នុង​១០​នាក់​ដែល​រំលោភ​បូក​បញ្ជូន​ទៅ​តុលាការ

Related Articles