សេចក្ដីប្រកាសព័ត៌មាន
ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣
ក្រុមហ៊ុន Google ចេញផ្សាយទូរស័ព្ទភាសាខ្មែរដោយដាក់បញ្ចូលការបកប្រែដែលបានផ្ដល់ដោយអង្គការវិទ្យាស្ថានបើកទូលាយ។
កម្មវិធី SPICE ដែលអនុវត្តដោយអង្គការវិទ្យាស្ថានបើកទូលាយ ដោយមានផ្ដល់ថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្តរជាតិ (USAID) បានសហការជាមួយក្រុមហ៊ុនហ្គូហ្កល(Google) ក្នុងឆ្នាំ ២០១៣ ដើម្បីបញ្ចប់ការបកប្រែប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទអេនដ្រយ(Android) ជាភាសាខ្មែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចគោលដៅរបស់ខ្លួននៅពេលដែល មានការចេញផ្សាយកំណែ ៤.៤ (មានឈ្មោះថា KitKat) នៅចុងខែតុលា។ ក្រុមហ៊ុនហ្គូហ្កល បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងព្រឹត្តិការណ៍ Google DevFest នៅទីក្រុងភ្នំពេញ ថាកំណែដែលទើបនឹងចេញថ្មីនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទអេនដ្រយ មានភាសាខ្មែរមកជាមួយស្រាប់។
ការបកប្រែទូរស័ព្ទត្រូវបានធ្វើឡើងដោយក្រុមបកប្រែរបស់កម្មវិធី SPICE ដែលមានបទពិសោធន៍ក្នុងការបកប្រែកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទជាង ៨ ឆ្នាំមកហើយ។ នៅក្នុងឆ្នាំ ២០០៥ ក្រុមនេះបានបកប្រែទូរស័ព្ទណូគា(Nokia) លើកដំបូងជាភាសាខ្មែរ។
