RFA: គ្រួសារ​នៅ​ស្ទឹងត្រែង​អំពាវនាវ​ជា​ថ្មី​ឲ្យ​ជួយ​ស្វែង​រក​ពលការិនី​៣​នាក់​នៅ​ម៉ាឡេស៊ី

គ្រួសារ​ពលការិនី​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​អះអាង​ថា ពួក​គេ​មិន​អាច​ទាក់ទង​សាច់ញាតិ​ចំនួន ៣​នាក់ ដែល​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឡើយ ក្រោយ​ពី​ពួក​គាត់​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល​ឲ្យ​ ជួយ​សង្គ្រោះ​ពលការិនី​ទាំង​នោះ​ពី​អំពើ​ហិង្សា រំលោភ​កិច្ច​សន្យា​ការងារ​របស់​ថៅកែ។

ស្ត្រី​ខ្មែរ​ទាំង​បី​នាក់​នោះ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ពីរ​ឆ្នាំ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​ហួស​រយៈពេល​មួយ​ឆ្នាំ ហើយ​ថៅកែ​មិន​អនុញ្ញាត​ឲ្យ​ពលការិនី​ខ្មែរ​នេះ​វិល​ត្រឡប់​មក​ស្រុក​កំណើត​ វិញ​ឡើយ។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​វិច្ឆិកា អំពាវនាវ​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ស្វែង​រក​ពលការិនី​ខ្មែរ​ចំនួន​បី​នាក់​ដែល​បាត់​ដំណឹង​នៅ​ ប្រទេស​ម៉ាឡេស៊ី។

ស្ត្រី​ឈ្មោះ ម៉ាន អុន រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាលាបរិវ៉ាត់ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្មួយ​របស់​គាត់​ពីរ​នាក់​បាន​បាត់​ដំណឹង​តាំង​ឆ្នាំ​២០១១ បន្ទាប់​ពី​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ អេ.ឌី.ភី (ADP) ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​កូន​ស្រី​របស់​គាត់ ក៏​ត្រូវ​ថៅកែ​ម៉ាឡេស៊ី ផ្តាច់​មិន​ឲ្យ​ទាក់ទង​ផ្តល់​ដំណឹង​អ្វី​មក​គាត់​ជា​ម្តាយ តាំង​ពី​ខែ​កក្កដា កន្លង​ទៅ បន្ទាប់​ពី​កូន​ស្រី​បាន​ទូរស័ព្ទ​ប្រាប់​ថា នាង​ត្រូវ​ថៅកែ​វាយ​គំរាម ដោយសារ​តែ​នាង​ទាមទារ​វិល​ត្រឡប់​មក​លំនៅឋាន​វិញ​ក្រោយ​ពេល​បញ្ចប់​កិច្ច​ សន្យា។

អ្នកស្រី​បន្ត​ថា បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ច្រើន​ខែ​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណឹង​អ្វី​ពី​ពលការិនី​ទាំង​នោះ​នៅ​ឡើយ៖ «ក្រុមហ៊ុន ​គេ​យក​ទៅ​ថា​តែ​ពីរ​ឆ្នាំ​ទេ មីង​ចប់​អាណត្តិ​មក​វិញ ហើយ​ធ្លាក់​បី​ឆ្នាំ​ក៏​មិន​ឃើញ ថា​បន្ត​អាណត្តិ ដល់​ពេល​ខ្ញុំ​ទូរស័ព្ទ​សួរ​វា​ទៅ ខ្ញុំ​មិន​ទាន់​ប្ដឹង​គេ​ថា​ខ្ញុំ​អត់​បាន​ត​អាណត្តិ​ទេ ថៅកែ​ទេ​លួច​ត​អាណត្តិ។ ពេល​នេះ​បាត់​ឈឹង​ទៅ»

អានបន្ត៖គ្រួសារ​នៅ​ស្ទឹងត្រែង​អំពាវនាវ​ជា​ថ្មី​ឲ្យ​ជួយ​ស្វែង​រក​ពលការិនី​៣​នាក់​នៅ​ម៉ាឡេស៊ី

Related Articles