ស្ត្រីម្នាក់ដែលរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តបន្ទាយ មានជ័យ និងដាក់ទៅក្រសួងការបរទេសខ្មែរ ប្ដឹងជនជាតិថៃបីនាក់ ដែលជាអ្នកប្រព្រឹត្តអំពើទារុណកម្មទៅលើរូបនាង។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះសុំឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ទៅលើជនជាតិថៃ ទាំងនោះ និងប្ដឹងទាមទារប្រាក់សំណងជំងឺចិត្ត ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនរូបនាង។
នៅក្នុងពាក្យបណ្ដឹង ស្ត្រីខ្មែរដែលជាជនរងគ្រោះបានប្ដឹងថៅកែជនជាតិថៃបីនាក់ ពីបទធ្វើទារុណកម្ម បង្ខាំងរូបនាងជំរិតយកប្រាក់។ ជនជាតិថៃទាំងបីនាក់នោះ មានឈ្មោះ ភី អ៊ួន ឈ្មោះ ភី ទី និង ឈ្មោះ ភី អាង ពួកគេជាថៅកែបនល្បែងមួយ នៅតំបន់ ផារ៉ាម សាម ឋិតនៅក្រុងបាងកក ប្រទេសថៃ។
ជនរងគ្រោះ ឈ្មោះ ថាប់ ធីតា អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នៅក្នុងពាក្យបណ្តឹងបញ្ជាក់ថា រូបនាងជាបុគ្គលិកចែកបៀរនៅក្នុងបន្ទប់ VIP នៃបនល្បែង មួយនៅតំបន់ផារ៉ាមសាម ក្រុងបាងកក ប្រទេសថៃ។ ថាប់ធីតា បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ រូបនាងត្រូវថៅកែជនជាតិថៃ ចាប់សម្រាតខោអាវអស់ពីខ្លួន បន្ទាប់មក ថតរូបអាក្រាតរបស់នាង និងវាយដំធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដោយចោទថា នាងឃុបឃិតជាមួយភ្ញៀវដែលចូលទៅលេងល្បែងនៅទីនោះ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ចាត់ទុកថា នេះជាអំពើទារុណកម្មធ្ងន់ធ្ងរ ដែលច្បាប់មិនអាចលើកលែងបាននោះឡើយ៖ «ទី១យើងឃើញថា ជាអំពើទារុណកម្ម និងជាអំពើរើសអើងទៅលើស្ត្រី ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍សិទ្ធិមនុស្សជាសកល ដែលមានចែងនៅក្នុងកតិកាសញ្ញា និងអនុសញ្ញារាល់ទម្រង់រើសអើងនារីភេទ»។
ទន្ទឹមគ្នានេះ លោកបានជំរុញឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ចំពោះថៅកែបន ល្បែងជនជាតិថៃទាំងនោះ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ។
ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន មានប្រសាសន៍ថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ តំណាងអយ្យការកំពុងប្រមូលព័ត៌មានបន្ថែមមុនពេលឈានទៅដល់ការចាត់ ការតាមនីតិវិធីច្បាប់ តាមរយៈយន្តការអាជ្ញាធរកណ្ដាល នៃក្រសួងយុត្តិធម៌ ៖ «ឆ្នាំ២០១០ យើងបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអាស៊ាន ស្តីពីការជួយគ្នាទៅវិញទៅមក លើវិស័យព្រហ្មទណ្ឌ។ អ៊ីចឹងជនរងគ្រោះ ឬក៏ជនជាប់ចោទអី យើងអាចស្នើទៅប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យជួយធ្វើ។ ដូច្នេះករណី នេះយើងអាចស្នើសុំយ៉ាងម៉េចបញ្ចូលជនរងគ្រោះទៅឆ្លើយទៅអីរបស់ តុលាការថៃ ហើយស្នើសុំសំណងហើយឲ្យតុលាការ សមត្ថកិច្ចថៃ គេរកជនពាក់ព័ន្ធហ្នឹង យើងស្នើសុំផ្លូវការ»។
នៅក្នុងពាក្យបណ្ដឹងបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០១៣ ស្ត្រីជាជនរងគ្រោះ ក្រោយពីបញ្ចប់ការងារ នាងបានត្រឡប់ទៅបន្ទប់ជួលដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីកន្លែងធ្វើការ។ លុះដល់ម៉ោង ១២រំលងអធ្រាត្រ មានថៅកែជនជាតិថៃទាំងបីនាក់ បានធ្វើដំណើរទៅដល់បន្ទប់ស្នាក់នៅរបស់នាង។ នៅពេលនោះពួកគេចោទថា រូបនាងសងលុយភ្ញៀវមិនគ្រប់ចំនួន ហើយបង្ខំឲ្យនាងឡើងជិះឡានទៅដោះស្រាយ។ នៅលើរថយន្ត ថៅកែជនជាតិថៃទាំងនោះ បានវាយដំលើរូបនាង ហើយចោទថា បានឃុបឃិតជាមួយភ្ញៀវធ្វើឱ្យបនល្បែងខាតបង់លុយកាក់ទៅវិញ។
ជនរងគ្រោះបន្តថា នៅពេលជិះឡានទៅដល់ទីកន្លែងបនល្បែង នាងត្រូវបានគេសួរចម្លើយ វាយធ្វើបាប ដោះសំលៀកបំពាក់ចេញអស់ពីខ្លួន ហើយថៅកែជនជាតិថៃ បានយកកន្ត្រៃកាត់ខោទ្រនាប់របស់នាង ហើយបើកទ្វារឲ្យបុគ្គលិកផ្សេងនៅបនល្បែងនោះ ចូលទៅមើលរូបកាយអាក្រាតរបស់នាង និងយកទូរស័ព្ទដៃថតរូបនាង។ ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ ជនរងគ្រោះទទួលរងការធ្វើទារុណកម្មរាល់ថ្ងៃ។
នៅពេលចូលបន្ទប់សួរចម្លើយម្ដងៗ ថៅកែជនជាតិថៃទាំងនោះបានស្រាតខោអាវនាងអស់ពីខ្លួន ថតរូប ទះកំភ្នៀងវាយក្បាលនឹងដបទឹកសុទ្ធ ហើយគំរាមសម្លាប់កាត់ដៃកាត់ជើងរបស់នាង។ ក្រោយមកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ ថៅកែថៃបានបង្ខំឲ្យនាងរកលុយសងទើបគេអាចដោះលែងបាន។
ជនរងគ្រោះបញ្ជាក់ថា ដើម្បីរក្សាជីវិត នាងបានយកសៀវភៅធនាគារ និងកាត ATM ហើយ ប្រាប់លេខសម្ងាត់ទៅឲ្យថៅកែជនជាតិថៃ។ ក្រោយពីបានឯកសារធនាគារពីនាងរួចហើយ ថៅកែថៃបានប្រើឲ្យមេការថៃម្នាក់ ឈ្មោះ ភី ប៉ក់ ទៅដកលុយពីធនាគារ អស់ចំនួនជាង១លានបួនសែនបាត។
នៅក្នុងពាក្យបណ្ដឹងបញ្ជាក់ថា ក្រោយមកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ដោយមានការជួយជ្រោមជ្រែងពីស្ថានទូតខ្មែរប្រចាំនៅក្រុងបាងកក ប្រទេសថៃ និងអង្គការសង្គមស៊ីវិលផងនោះ ទើបថៅកែថៃ ដោះលែងរូបនាងមកស្រុកខ្មែរវិញ។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះសុំតុលាការចាត់ការតាមផ្លូវច្បាប់ និងសុំទារលុយរបស់នាង ដែលថៅកែថៃបានដកយកពីធនាគារ ចំនួនជាង១លាន៤សែនបាតនោះ មកវិញ និងទារប្រាក់សំណងជំងឺចិត្តចំនួន ១០លានបាត៕
Source: (RFA – December 28, 2013 )
