សកម្មជនដីធ្លីជាស្រ្តីម្នាក់ ក្នុងចំណោម ៤នាក់ បានដួលសន្លប់ នៅពេលប៉ះទង្គិចជាមួយអាជ្ញាធរក្នុងទីតាំងហាមឃាត់ ខណៈដែលពួកគេព្យាយាមចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានសវនាការលើករណីលោក វន់ ពៅ និងជនជាប់ចោទ២២នាក់ទៀត នៅព្រឹកនេះ។
សេចក្តីរាយការណ៍ពីមុខសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា នៅម៉ោងជាង ៩ព្រឹកនេះ សកម្មជនដីធ្លីបឹងកក់ចំនួន៤នាក់ មានអ្នកស្រី យ៉ោម បុប្ផា និងសកម្មជនបីនាក់ទៀត បាននាំគ្នាចូលទៅក្នុងបរិវេណហាមឃាត់ មុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានប៉ះទង្គិច ដោយរុញច្រានគ្នាទៅវិញទៅមកជាមួយអាជ្ញាធរ បណ្តាលឲ្យស្ត្រីម្នាក់ដួលសន្លប់។
ហេតុការណ៍នេះ បានកើតឡើងខណៈដែលសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ កំពុងបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទ ២២រូបទៀត ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី០២ និងទី០៣ខែមករា កន្លងទៅនេះ នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង៕
