សាវតា៖
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។
អំពីអ្នកបង្កើតស្នាដៃ៖
វ៉ាត វ៉ាន់ ជាអ្នកជំនាញផាត់មុខ ជាអ្នកចម្រៀង ជាអ្នកសម្តែង និងជាអ្នកបង្ហាញម៉ូតឯករាជ្យ ធ្វើការចូលរួម ដោយគូគំនូរលើផ្ទៃមុខ និងថតជាវីដេអូ ដើម្បីបង្ហាញពីអារម្មណ៍របស់ជនរងគ្រោះក្រោយពេលទទួលរងអំពើហិង្សា។ ស្នាដៃសិល្បៈ នេះមានឈ្មោះថា សេរីភាពដ៏ខ្មៅងងឹត បង្ហាញពីគ្រាមួយនៃជីវិតរបស់ពួកគេប្រកប ដោយភាពអាប់អួខ្មៅងងឹត ដោយធ្វើការឆ្លុះបញ្ចាំងថាសង្គម និងមនុស្សអាចក្លាយទៅជាអ្វីមួយដែលយើងមិនរំពឹងដល់ និងមានចិត្តអាក្រក់។ គំនូរនេះសង្កត់ធ្ងន់លើភាពចាំបាច់សំរាប់ធ្វើការពិចារណា និងយកចិត្តទុកដាក់ ដោយរំលឹកយើងពីភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការការពារជនរងគ្រោះ ជាពិសសអ្នកដែលមិនមានសម្លេង ឫអំណាចដើម្បីចាកចេញពីអំពើហិង្សា និងការបំពារបំពាន ។ វាបង្ហាញការពិតដែលជាទូទៅអ្នកដែលរងគ្រោះនោះគឺជាស្ត្រី ហើយអំពាវនាវ អោយមានសកម្មភាពរួមគ្នា ដើម្បីគាំទ្រ និងផ្តល់អំណាចដល់ពួកគេ ។
ទស្សនាវីដេអូនៃការគូសមុខ៖ https://youtu.be/nDDdRTLtkmI
ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o