The Cambodian NGO Committee on CEDAW

កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ២០២៤ – ការគូសគំនូរ Canvas “សម្លេងរបស់គាត់ សម្លេងរបស់នាង” ដោយ អ៊ុច​ វង្សសូរិយា

សាវតា៖

កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។  កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។ 

អំពីអ្នកបង្កើតស្នាដៃ៖ 

អ៊ុច​ វង្សសូរិយា បច្ចុប្បន្នជានិស្សិតផ្នែកព័ត៌មានវិទ្យា ដែលមានចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងការប្រើប្រាស់គំនូរ ផាត់លើផ្ទាំងក្រដាសនៃរូបភាពជីវចលបែបសិល្បៈ ដើម្បីផ្តល់សារទៅកាន់អ្នកទស្សនាវ័យក្មេង។ គំនូររបស់នាង មានឈ្មោះថា   «សម្លេងរបស់គាត់ សម្លេងរបស់នាង »រំលេចពីភាពខុសគ្នានៃសង្គមនៅក្នុងរបៀបដែលសំឡេងរបស់បុរស និងស្ត្រីត្រូវបានស្តាប់ និងផ្តល់តម្លៃ។

ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o

Related Articles