






អង្គការ ស៊ី-ដ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៥ ក្រោយពីសកម្មជនជាស្រ្តីកម្ពុជាមួយចំនួនបានវិលត្រឡប់មកពីសន្និសិទពិភពលោកស្តីពីស្រ្តី ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង។







អង្គការ ស៊ី-ដ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៥ ក្រោយពីសកម្មជនជាស្រ្តីកម្ពុជាមួយចំនួនបានវិលត្រឡប់មកពីសន្និសិទពិភពលោកស្តីពីស្រ្តី ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង។
តួនាទីរបស់អង្គការស៊ី-ដ គឺដើម្បីធ្វើការពិនិត្យសង្កេត និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស៊ី-ដ នៅកម្ពុជា និងដើម្បីចូលរួមចំណែកក្នុងការតស៊ូមតិ បន្ទាប់ពីបានធ្វើការបោះពុម្ភផ្សាយរបាយការណ៍ស្រមោល នៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន អង្គការស៊ី-ដ ជាសម្ព័ន្ធអង្គការដែលមានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាជាង ៣០ចូលរួម និងមានបណ្តាញការងារសំខាន់ៗ ដែលធ្វើការផ្តោតទៅលើវឌ្ឍនភាពរបស់ស្រ្តី។ អង្គការស៊ី-ដ មានមូលដ្ឋានរឹងមាំក្នុងការអនុវត្តការងារលើកកម្ពស់ការយល់ដឹង និងការអនុវត្តសកម្មភាពនានាដើម្បីកសាងសមត្ថភាពសមាជិករបស់ខ្លួន។ អង្គការស៊ី-ដ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាទៀងទាត់ស្តីពីអនុសញ្ញាស៊ី-ដរ ដល់សិស្សនិស្សិត បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាល។ អង្គការស៊ី-ដ មានបទពិសោធន៍ច្បាស់លាស់ក្នុងការងារគ្រប់គ្រងកម្មវីធីគម្រោងប្រកបដោយប្រសិទ្ធភាព។
អង្គការស៊ី-ដ ក៏បានបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។ លទ្ធផលសំខាន់ៗ ដែលកើតចេញពីកិច្ចសហការទាំងនេះ មានដូចជា អនុសាសន៍ជាច្រើនរបស់យើងត្រូវបានទទួលយក និងដាក់បញ្ចូលក្នុងរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ និងមានឥទ្ធិពលលើសេចក្តីសម្រេចនៃក្រសួងកិច្ចការនារី ក្នុងការអនុម័តច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ឆ្នាំ២០០៥ ព្រមទាំងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨។ ជាការឆ្លើយតបចំពោះការតស៊ូមតិពីអង្គការស៊ី-ដ ក្រសួងមហាផ្ទៃ បានសម្រេចអនុម័តប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានលក្ខណៈសម្រួលដល់ប្រជាពលរដ្ឋ។ ដោយមានការតឿនរំលឹករបស់អង្គការស៊ី-ដ រដ្ឋសភាក៏បានផ្តល់សច្ចាប័នជាស្ថាពរលើពិធីសារបន្ថែមស្តីពីអនុសញ្ញាស៊ី-ដ ក្នុងឆ្នាំ២០១០។ នាពេលថ្មីៗកន្លងទៅនេះ អង្គការស៊ី-ដបានធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់អនុសាសន៍លើការធ្វើវិសោធនកម្មនៃច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។
អង្គការស៊ី-ដ បានចុះបញ្ជីថ្នាក់ជាតិដោយមានលេខចុះបញ្ជី ២៥៨៧ ជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជានៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៩។
យើងបង្ហាញពីភាពនៅខ្វះចន្លោះនានាក្នុងការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាលើអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (ស៊ី-ដ)។ យើងធ្វើរបាយការណ៍ជាទៀងទាត់នានាដាក់ជូនទៅគណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដរ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នានារបស់រដ្ឋាភិបាលកម្ពុជា ឬដើម្បីផ្តល់ប្រភពពត៌មានមួយទៀត ជូនអង្គការសហប្រជាជាតិ នៅក្នុងករណីដែលរដ្ឋាភិបាលខកខានមិនអាចសរសេររបាយការណ៍បាន។
ការសម្រេចបាននូវសមភាព ទាមទារឱ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃគ្រប់សមាជិកសង្គមទាំងអស់។ យើងធ្វើការលើការអប់រំជាសាធារណៈ និងកម្មវិធីផ្សព្វផ្សាយតាមវិទ្យុស្តីពីសិទ្ធិរបស់ស្រ្តី។ យើងចូលរួមក្នុងសកម្មភាពជាសាធារណៈ ដូចជា ទិវាសិទ្ធិស្រ្តីអន្តរជាតិនៅក្នុងខែមីនា និងនៅអំឡុងពេលយុទ្ធនាការ១៦ថ្ងៃដើម្បីប្រឆាំងនឹងអំពើហិង្សាផ្អែកលើយ៉េនឌ័រ ព្រមទាំងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងខែធ្នូ។
អង្គការស៊ី-ដរ ធ្វើការតស៊ូមតិលើការធ្វើវិសោធនកម្មច្បាប់ឱ្យបានកាន់ប្រសើរ ដើម្បីការពារសិទ្ធិរបស់ស្រ្តី ដោយរួមបញ្ចូលដោយពេញលេញនូវសិទ្ធិនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ស្រ្តីពិការ ស្រ្តីមានផ្ទុកមេរោគអេដស៍ ស្រ្តីនៅជនបទ និងស្រ្តីជនជាតិដើមភាគតិច។
ក្រុមឯកទេសការងាររបស់អង្គការស៊ី-ដ ធ្វើការជាមួយសមាជិករបស់ខ្លួន ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងជំនួយបច្ចេកទេសលើប្រធានបទនានាដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ស្រ្តី។ យើងធ្វើការលើគម្រោងរួមគ្នានានាជាមួយសមាជិក និងចែករំលែកពត៌មានពីបទពិសោធន៍រួមគ្នារបស់យើង។
កម្ពុជាមួយ ជាកន្លែងដែលស្ត្រី និងក្មេងស្រីអាចរីកចម្រើន ដឹកនាំ និងរស់នៅដោយសេចក្តីថ្លៃថ្នូរ សមភាព និងសេរីភាពពីការរើសអើងគ្រប់ទម្រង់។
ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា តាមរយៈការពង្រឹងបណ្តាញអង្គការមិនមែនរដ្ឋាភិបាល-សេដ បង្កើនការយល់ដឹងរបស់សាធារណជន និងធ្វើការរួមគ្នាជាមួយសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីធានាបាននូវការអនុវត្តគោលការណ៍សេដយ៉ាងពេញលេញ និងជាអចិន្ត្រៃយ៍នៅគ្រប់ស្ថាប័ន និងគ្រប់វិស័យនៃសង្គម។
