ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ(គណៈកម្មាធិការ) បានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងករណីបុគ្គលជាលើកដំបូងរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានរំលោភបំពានសិទ្ធិក្មេងស្រីកម្ពុជាម្នាក់ ដែលត្រូវបានរំលោភសេពសន្ថវៈជាបន្តបន្ទាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ ។ គណៈកម្មាធិការបានរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការធានាឱ្យមានយុត្តិធម៌ ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយផ្ទុយទៅវិញ បានជំរុញឱ្យមាននិទណ្ឌភាព និងការរើសអើង ដែល “បានធ្វើឱ្យនាងប្រឈមនឹងការយាយី និងការគំរាមកំហែងជាបន្តបន្ទាប់ ដោយធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន ហើយធ្វើឱ្យនាងក្លាយជាជនរងគ្រោះម្តងទៀត” ។
យើងខ្ញុំសូមស្វាគមន៍ចំពោះទស្សនៈដ៏សំខាន់ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការខាងលើនេះ ហើយសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងធានាថា ជនរងគ្រោះ ឬអ្នករស់រានមានជីវិតពីអំពើហិង្សាទាំងនោះគ្រប់រូប មានសិទ្ធិទទួលបានយុត្តិធម៌ត្រឹមត្រូវ និងទាន់ពេលវេលា ដោយគ្មានការរើសអើង ។
ក្នុងនាមជាភាគីនៃពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការ ស៊ី ដ ក្នុងការទទួល និងពិចារណាលើករណីបណ្តឹងបុគ្គល ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ។
ករណីមួយដែលត្រូវបានដាក់ជូនគណៈកម្មាធិការ គឺពាក់ព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ដែលបានរំលោភសេពសន្ថវៈជាបន្តបន្តាប់ ទៅលើក្មេងស្រី អាយុ ១១ឆ្នាំ ដែលមានពិការភាពម្នាក់ នៅក្នុងឆ្នាំ២០១០ ។ ទោះបីជាមានការផ្តន្ទាទោសជាស្ថាពរ ដោយតុលាការកំពូលនៅក្នុងឆ្នាំ២០១៦ ក៏ដោយ ក៏ជនល្មើសម្នាក់នេះ នៅមិនទាន់បានអនុវត្តទោសជាប់ពន្ធនាគារ ឬសងសំណងរដ្ឋប្បវេណី ដែលខ្លួនត្រូវទទួលខុសត្រូវនោះ នៅឡើយទេ ។ គណៈកម្មាធិការ បានរកឃើញថា ដំណើរការផ្លូវច្បាប់នេះ បានអូសបន្លាយពេលយ៉ាងយូរ ការផ្តន្ទាទោសមិនទាន់គ្រប់គ្រាន់សមទៅនឹងបទល្មើស និងបរាជ័យក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល ។ កុមារីរងគ្រោះ និងគ្រួសាររបស់នាងបានរង់ចាំយុត្តិធម៌អស់រយៈពេល ១៦ឆ្នាំ មកហើយ ខណៈដែលជនប្រព្រឹត្តនៅតែបន្តស្ថិតនៅក្រៅឃុំនៅឡើយ ។
គណៈកម្មាធិការ ស៊ី ដ បានសន្និដ្ឋានថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទេ តែបែរជាជំរុញឱ្យមាននិទណ្ឌភាព និងការរើសអើងទៅវិញ។ ក្នុងសេចក្តីសន្និដ្ឋាននោះរួមមាន ៖
-
បរាជ័យក្នុងការធានាឱ្យមានការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ មិនលម្អៀង និងហ្មត់ចត់ ។
-
ការប្រកាន់ខ្ជាប់នូវផ្នត់គំនិតដែលមានលក្ខណៈរើសអើងទាក់ទងនឹងយេនឌ័រ អាយុ និងពិការភាព ។
-
ពឹងលើការយល់ដឹងផ្អែកលើផ្នត់គំនិតមិនត្រឹមត្រូវអំពីអំពើហិង្សាផ្លូវភេទ និងកំណត់ស្តង់ដារតម្រូវលើភស្តុតាងមិនសមហេតុផល ។
-
ការកំណត់ទោសមិនគ្រប់គ្រាន់សមនឹងបទល្មើស ដោយមិនបានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃអំពើរំលោភបំពានឡើយ ។
-
ខកខានក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល រួមទាំងការចាប់ខ្លួន និងការសងសំណង ។
-
ខកខានក្នុងការអនុវត្តវិធានការការពារតាមនីតិវិធីច្បាប់ ដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់សិទ្ធិសេរីភាព សេរីភាពក្នុងការបំលាស់ទី និងការជួបជុំ ។
គណៈកម្មាធិការបានរកឃើញថា សកម្មភាពរំលោភបំពានខាងលើទាំងនេះមានន័យស្មើនឹង «ការបរាជ័យក្នុងការទទួលបាននូវយុត្តិធម៌» និង «ការបដិសេធក្នុងការផ្តល់យុត្តិធម៌ប្រកបដោយប្រសិទ្ធភាព»។ ទស្សនៈទាំងនេះ ត្រូវបានអនុម័តនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងអំពីឧបសគ្គជាប្រព័ន្ធក្នុងការទទួលបានយុត្តិធម៌ និងសុវត្ថិភាព ដែលជនរងគ្រោះ ឬអ្នករស់រានមានជីវិតពីអំពើហិង្សាផ្អែកលើយេនឌ័រ និងជនមានពិការភាព បានជួបប្រទះនៅក្នុងប្រទេសកម្ពុជា ។
យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ និងច្បាស់លាស់ ដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការ ។ អនុសាសន៍មួយចំនួន ក្នុងចំណោមអនុសាសន៍នានាផ្សេងទៀតទាំងនេះរួមមានដូចជា ៖
-
អនុវត្តសាលដីការបស់តុលាការកំពូលជាបន្ទាន់ ដែលរួមទាំងការចាប់ខ្លួន និងឃុំខ្លួនជនប្រព្រឹត្ត និងការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះឱ្យបានពេញលេញ ។
-
ផ្តល់នូវសំណងយុត្តិធម៌ជូនក្មេងស្រី និងក្រុមគ្រួសាររបស់នាងដើម្បីប៉ះប៉ូវការខូចខាត រួមទាំងសំណងការខូចខាតផ្នែកហិរញ្ញវត្ថុ ការគាំទ្រផ្នែកផ្លូវចិត្ត និងវិធានការដើម្បីស្តារសេចក្តីថ្លៃថ្នូរ និងការបញ្ចូលជនរងគ្រោះទៅក្នុងសហគមន៍របស់នាងឡើងវិញ ។
-
កែសម្រួលក្របខណ្ឌច្បាប់ ដើម្បីធានាថាក្របខណ្ឌទាំងនេះស្របតាមស្តង់ដារអន្តរជាតិទាក់ទងនឹងគោលការណ៍នៃការយល់ព្រម ការអនុវត្តយ៉ាងតឹងរ៉ឹងនូវទោសដែលបានកំណត់ និងលុបបំបាត់ស្តង់ដារប្រមូលភស្តុតាងដែលអយុត្តិធម៌ ។
-
ហាមឃាត់ការប្រើប្រាស់យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ រួមទាំងការផ្សះផ្សា ការសម្របសម្រួល និងយន្តការដោះស្រាយវិវាទផ្សេងទៀត សម្រាប់រាល់ករណីអំពើហិង្សាផ្លូវភេទទាំងអស់ ។
-
ធានាឱ្យមានការទទួលបាននូវយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ផ្អែកលើយេនឌ័រ ការផ្តោតលើជនរងគ្រោះ ឬអ្នករស់រានមានជីវិត ការយល់ដឹងពីរបួសផ្លូវចិត្ត នីតិវិធីដែលសមស្របសម្រាប់កុមារ និងការមិនរើសអើង ក្នុងករណីអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ ។
គណៈកម្មាធិការបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួនបីលើក សូមឱ្យផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ មុនពេលចេញផ្សាយទស្សនៈសន្និដ្ឋានទាំងនេះ ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាពុំបានចូលរួមជាមួយគណៈកម្មាធិការ ឬផ្តល់ព័ត៌មាន ឬការសង្កេតណាមួយឡើយ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេលប្រាំមួយខែ ដើម្បីផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការ រួមទាំងព័ត៌មានអំពីសកម្មភាពណាមួយដែលត្រូវបានអនុវត្តដោយផ្អែកលើទស្សនៈ និងអនុសាសន៍នានា ។ គណៈកម្មាធិការក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សូមបកប្រែការរកឃើញរបស់ខ្លួនជាភាសាខ្មែរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ ។ យើងខ្ញុំនឹងបន្តតាមដានការអនុវត្តអនុសាសន៍ទាំងនេះរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង រយៈពេលប៉ុន្មានខែខាងមុខទៀត ។
ករណីនេះគឺជាទស្សនៈសន្និដ្ឋានលើកដំបូងទាក់ទងនឹងប្រទេសកម្ពុជា និងដែលបានចេញផ្សាយក្រោមពិធីសារបន្ថែមនៃអនុសញ្ញា ស៊ី ដ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានឱកាសបង្ហាញឱ្យបានច្បាស់ថា អំពើហិង្សា និងការរើសអើងផ្លូវភេទ គឺជាទង្វើដែលមិនអាចអត់ឱនឱ្យបាន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ទង្វើទាំងនេះ ។ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវអនុសាសន៍ទាំងនេះ រាយការណ៍ជាសាធារណៈអំពីវឌ្ឍនភាពនៃការអនុវត្តរបស់ខ្លួន និងធានាឱ្យមានយុត្តិធម៌ប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលធ្លាប់ជួបប្រទះអំពើហិង្សាផ្លូវភេទ ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖
-
សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)
-
សហគមន៍ដីធ្លី ១៩៧ (កោះកុង)
-
សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
-
សហគមន៍អមលាំង (កំពង់ស្ពឺ)
-
សមាគម អ្នកបម្រើការងារតាមផ្ទះ (ADW)
-
សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
-
សហគមន៍បឹងពីរ (បាត់ដំបង)
-
សហគមន៍បឹងប្រាំ (បាត់ដំបង)
-
សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
-
អង្គការកម្ពុ្ពជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
-
សហភាពការងារកម្ពុជា (CLC)
-
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
-
អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
-
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
-
សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
-
អង្គការប្រឹក្សាសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCDO)
-
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
-
សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
-
សហគមន៍ដក់ពរ (កំពង់ស្ពឺ)
-
អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)
-
អង្គការសមធម៌កម្ពុជា (EC)
-
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
-
អង្គការក្លាហាន (KLAHAAN)
-
សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
-
សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិបុះ (ព្រះវិហារ)
-
សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
-
សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
-
សហគមន៍ដីធ្លី (ប៉ៃលិន)
-
សហគមន៍ឡពាង (កំពង់ឆ្នាំង)
-
សមាគមអភិវឌ្ឈន៌ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)
-
សហគមន៍មានជ័យ (ស្វាយរៀង)
-
សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
-
សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
-
សហគមន៍ភ្នំក្រោម (សៀមរាប)
-
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
-
សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
-
សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង)
-
សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ
-
សហគមន៍ព្រៃឡង់ខេត្តក្រចេះ
-
សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង
-
សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
-
សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
-
សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
-
អង្គការជំនួយជនបទ (RAO)
-
សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
-
សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
-
សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
-
សមាគម ក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
-
អង្គការសមាគមធាងត្នោត (ស.ធ.ត)
-
សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
-
សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
-
សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
-
សហគមន៍ដីធ្លីតានី (សៀមរាប)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រី (NGO-CEDAW)
-
សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
-
សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
-
សហគមន៍ទន្លូង (ត្បូងឃ្មុំ)
-
សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
-
សហគមន៍ត្រពាំងជោ (កំពង់ឆ្នាំង)
-
អង្គការនារីដើម្បីសន្តិភាព (WPM)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសារអង់គ្លេស, ទាញយកសេចក្តីថ្លែងការណ៍ជាភាសារខ្មែរ

