សេចក្តីថ្លែងការណ៍រួម៖ ​ការ​ពន្យារពេល​របស់​កម្ពុជា​ក្នុង​ការ​កែតម្រូវ​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​កំពុង​បង្ក​ហា​និ​ភ័យ​ដល់​អាយុជីវិត

ចេញផ្សាយ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៥

អស់រយៈពេលជាងប្រាំបីឆ្នាំមកហើយ ដែលដំណើរការធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ (ច្បាប់អំពើហិង្សាក្នុងគ្រួសារ) ឆ្នាំ២០០៥ របស់ប្រទេសកម្ពុជា មិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះទេ។ នេះជាការព្រួយបារម្ភ ដោយសារតែការស្ទង់មតិរបស់រាជរដ្ឋាភិបាល បន្តបង្ហាញអំពីកម្រិតនៃអំពើហិង្សានិងការរំលោភបំពានដ៏ច្រើនលើសលប់ ដែលភាគច្រើនប៉ះពាល់ទៅលើស្ត្រី កុមារ និងអ្នកស្រលាញ់ភេទដូចគ្នា។

របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ (CDHS) របស់រាជរដ្ឋាភិបាល បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥ នាក់ (២១%) ដែលធ្លាប់មានដៃគូ បានទទួលរងអំពើហិង្សាផ្លូវអារម្មណ៍ ផ្លូវកាយ និង/ឬផ្លូវភេទ ដែលប្រព្រឹត្តដោយដៃគូបច្ចុប្បន្ន ឬដៃគូចុងក្រោយបំផុត។ បីភាគបួននៃអ្នកដែលបានទទួលរងអំពើហិង្សាទាំងនោះ (៧៥,៨%) បានរាយការណ៍ ថា ពួកគេមានការភ័យខ្លាចស្ទើរគ្រប់ពេលវេលា ដោយសារតែជនល្មើសស្ទើរតែទាំងអស់ (៩០,២%) ប្រើប្រាស់អាកប្បកិរិយាត្រួតត្រាចំនួនប្រាំ ឬច្រើនជាងនេះ។

តួលេខទាំងនេះ ឆ្លុះបញ្ចាំងតថភាពមួយដែលជារឿយៗបណ្តាលឱ្យជនរងគ្រោះស្លាប់។ នៅឆ្នាំ ២០២៤ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានស៊ើបអង្កេតករណីអំពើហិង្សាក្នុងគ្រួសារចំនួន ១៣៩ ករណី ដែលប្រព្រឹត្តដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូស្និទ្ធស្នាល សមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលរស់នៅក្នុងគ្រួសារជាមួយគ្នា ទៅលើស្ត្រីពេញវ័យ និង/ឬ កុមារ។ ក្នុងចំណោមករណីទាំងនេះ មនុស្សចំនួន ២៣ នាក់ត្រូវបានសម្លាប់។ យើងមិនអាចបណ្ដោយឱ្យសោកនាដកម្មបែបនេះ បន្តកើតឡើងទៀតនោះទេ។

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ អង្គការបន្ទាយស្រីក៏ផ្តល់សេវាសំខាន់ៗស្រដៀងគ្នានេះ ទៅលើករណីហិង្សាក្នុងគ្រួសារសរុបចំនួន ៣៤២ ករណី នៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ឧបសគ្គក្នុងការទទួលបានយុត្តិធម៌ដែលផ្តើមចេញមួយផ្នែកពីច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារបច្ចុប្បន្ន ក៏ដូចជាគម្លាតក្នុងការទទួលបានសេវាសំខាន់ចាំបាច់ដែលផ្តល់ដោយរាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញច្បាស់នៅពាសពេញករណីទាំងនេះ។

វិសោធនកម្មច្បាប់នេះ គឺជាជំហានដ៏សំខាន់ចាំបាច់មួយ ក្នុងដំណើរឆ្ពោះទៅការដោះស្រាយវិបត្តិនេះ។ អំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជា ត្រូវបានជំរុញដោយវិសមភាពយេនឌ័រ និងផ្នត់គំនិតយេនឌ័រ ហើយបន្តកើតមានដោយសារអន្តរាគមន៍ដែលគ្មានប្រសិទ្ធភាពពីអាជ្ញាធរ និងកង្វះការគាំទ្រពីសង្គម។ ការអនុវត្តវិធីសាស្រ្តដែលផ្តោតលើជនរងគ្រោះ នៅមានកម្រិតខ្លាំងណាស់ ជាពិសេសក្នុងការដោះស្រាយករណីដែលពាក់ព័ន្ធនឹងកុមារ ស្ត្រី និងក្រុមដែលមានសំឡេងភាគតិច។ ជារឿយៗ សេវាគាំទ្រនៅមានកម្រិត និងមិនបានតម្រឹមឱ្យត្រូវតាមតម្រូវការ និងសុវត្ថិភាពរបស់ជនរងគ្រោះឡើយ ហើយប្រការទាំងនេះ បណ្តាលឱ្យក្លាយទៅជាឧបសគ្គក្នុងការរាយការណ៍ និងការសះជាឡើងវិញ។

ជាដំបូង អាជ្ញាធរតែងតែព្យាយាម “អប់រំ” ជនប្រព្រឹត្ត និងផ្សះផ្សាដៃគូទាំងនោះ ទោះបីជាមានហានិភ័យនៃអំពើហិង្សានៅបន្តកើតមានក៏ដោយ។ ស្ត្រីជាច្រើន បានរាយការណ៍ពីបទពិសោធន៍អវិជ្ជមាន តាមរយៈការអនុវត្តបែបនេះ ដែលតែងតែបរាជ័យក្នុងការបញ្ចប់អំពើហិង្សា។ ការអន្តរាគមន៍ដែលគ្មានប្រសិទ្ធភាពទាំងនេះ ជួនកាលនាំឱ្យទទួលរងប្រតិកម្មអវិជ្ជមានខ្លាំងជះត្រឡប់មកលើជនរងគ្រោះវិញ ឬធ្វើឱ្យជនប្រព្រឹត្តបង្កើនអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗទៀតផង។

បញ្ហាប្រឈមទាំងនេះជាច្រើន ត្រូវបានគាំទ្រនិងបន្តឱ្យកើតមានមិនដាច់ តាមរយៈច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ដូចដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ភាពមិនគ្រប់គ្រាន់នៃច្បាប់នេះ ត្រូវបានវិភាគ និងរំលេចឡើងច្បាស់ដោយសង្គមស៊ីវិល តួអង្គរាជរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអ្នកជំនាញអង្គការសហប្រជាជាតិ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ គណៈកម្មការអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ កាលពីជិត ប្រាំមួយឆ្នាំមុនមកម៉្លេះ។

ចំណុចខ្សោយសំខាន់ៗនិងធ្ងន់ធ្ងររបស់ច្បាប់ រួមមានដូចជា៖
● ការខកខានមិនបានបញ្ចូលជនទាំងឡាយដែលមានហានិភ័យចំពោះអំពើហិង្សាក្នុងគ្រួសារ នៅក្នុងវិសាលភាពច្បាប់ឱ្យបានទូលំទូលាយ។
● ការខកខានមិនបានកំណត់និយមន័យ, ដាក់ទោសព្រហ្មទណ្ឌ និងចែងបញ្ជាក់អំពីទណ្ឌកម្មចំពោះការរំលោភបំពានផ្លូវកាយ, ផ្លូវភេទ, ផ្លូវអារម្មណ៍/ផ្លូវចិត្ត និងផ្លូវសេដ្ឋកិច្ច ដែលទុកចំហសម្រាប់ការបកស្រាយច្បាប់នេះ ដោយអត្តនោម័តិ និងជំរុញឱ្យមាននិរទណ្ឌភាព។
● ការបង្កប់ការយល់ព្រមឱ្យប្រើអំពើហិង្សាជាមធ្យោបាយនៃ “ការប្រៀនប្រដៅ” សហព័ទ្ធ កូន និងអ្នកនៅក្នុងបន្ទុក (មាត្រា ៨ នៃច្បាប់អំពើហិង្សាក្នុងគ្រួសារ) ដែលជាការផ្តល់សិទ្ធិអំណាចដល់ឪពុកម្តាយ តាមក្រមរដ្ឋប្បវេណី (មាត្រា ១០៤៥) ។
● ការអត់ឱនចំពោះអំពើហិង្សា “ស្រាល” ដោយច្បាប់នេះចែងថា បទឧក្រិដ្ឋ និងបទមជ្ឈិម “ធ្ងន់ធ្ងរ” គួរតែ អនុវត្តដំណើរការនីតិវិធីព្រហ្មទណ្ឌ (មាត្រា ១៨ នៃច្បាប់អំពើហិង្សាក្នុងគ្រួសារ) ក៏ប៉ុន្តែ មិនមាននិយមន័យនៃបទមជ្ឈិម “ធ្ងន់ធ្ងរ” នៅក្នុងច្បាប់កម្ពុជាឡើយ ហើយដែលប្រការនេះអនុញ្ញាតឱ្យអាជ្ញាធរមិនកាត់ទោសអ្នកប្រើអំពើហិង្សាក្នុងគ្រួសារដែលអាជ្ញាធរយល់ថាជា “បទលើ្មសស្រាល”។
● ការលើកទឹកចិត្តឱ្យមានការអប់រំ, ការផ្សះផ្សា និងការសម្រុះសម្រួល នៅក្នុងករណីពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវអារម្មណ៍/ផ្លូវចិត្ត, អំពើហិង្សាផ្នែកសេដ្ឋកិច្ច និងករណីអំពើហិង្សាក្នុងគ្រួសារជាបទល្មើសព្រហ្មទណ្ឌ “ស្រាល” (មាត្រា ១៣, ១៧, ២៦-២៧ នៃច្បាប់អំពើហិង្សាក្នុងគ្រួសារ)។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គួរត្រូវហាមឃាត់មិនឱ្យប្រើប្រាស់ សម្រាប់ឆ្លើយតបចំពោះរាល់អំពើហិង្សាក្នុងគ្រួសារដែលជាបទល្មើសព្រហ្មទណ្ឌ។
● ការខកខានមិនបានកំណត់ឱ្យបានទូលំទូលាយ អំពីកាតព្វកិច្ចជាក់លាក់របស់អាជ្ញាធរផ្សេងៗក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារ។
● ការខកខានមិនបានកំណត់ឱ្យបានគ្រប់គ្រាន់ អំពីនីតិវិធីនិងកិច្ចការពារលម្អិត ដែលត្រូវតែផ្តល់ឱ្យតាមរយៈដីកាការពារ និងសេចក្តីសម្រេចរដ្ឋបាល។
● ការខកខានមិនបានផ្តល់មូលនិធិជាក់លាក់ពីថវិកាជាតិ សម្រាប់ការអនុវត្តច្បាប់, សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងសម្រាប់សេវាកម្មគាំទ្រនានា។

ជារឿយៗ អាជ្ញាធរ ក្រុមគ្រួសារ និងសហគមន៍ ដាក់សម្ពាធលើមនុស្សដែលប្រឈមមុខនឹងអំពើហិង្សា ឱ្យផ្តល់អាទិភាពទៅលើរចនាសម្ព័ន្ធគ្រួសារបែបប្រពៃណី ជាជាងផ្តល់អាទិភាពទៅលើសុវត្ថិភាពនិងសុខុមាលភាពរបស់មនុស្សដែលមានហានិភ័យចំពោះមុខអំពើហិង្សា។ មនុស្សជាច្រើនអះអាងថា កុមាររស់នៅក្នុងផ្ទះដែលមានអំពើហិង្សា ប្រសើរជាងរស់នៅជាមួយឪពុកម្តាយដែលបែកគ្នា បើទោះបីជាត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់រាងកាយនិងផ្លូវចិត្ត ព្រមទាំងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍មកលើពួកគេក៏ដោយ។ មនុស្សជាច្រើនក៏ពឹងផ្អែកលើជនល្មើស ចំពោះផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពប្រើប្រាស់ដំណើរការនីតិវិធីច្បាប់ ឬរស់នៅដោយគ្មានប្រាក់ចំណូលទីពីរ។

ដែនកំណត់នៃវិសាលភាពក្របខណ្ឌច្បាប់បច្ចុប្បន្ន ក្នុងការកំណត់និយមន័យអំពីការរំលោភបំពាន ដែលរួមចំណែកបង្កជាគ្រោះថ្នាក់លើរាងកាយ ផ្លូវអារម្មណ៍ និងតាមប្រព័ន្ធឌីជីថល ត្រូវបានមើលរំលង ហើយបង្កជាឧបសគ្គរារាំងដល់ការកំណត់អត្តសញ្ញាណ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ទាំងអស់នេះស្ថិតនៅក្នុងការត្រួតត្រានិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាថាកិច្ចការពារសំខាន់ចាំបាច់នានា និងសេវាកម្មដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ បំពេញបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់មនុស្សដែលប្រឈមមុខនឹងអំពើហិង្សាក្នុងគ្រួសារ។ ទោះជាយ៉ាងនេះក្តី ប្រព័ន្ធការពារ និងឆ្លើយតបដែលមាននៅពេលបច្ចុប្បន្ននេះ មិនទាន់មានគ្រប់គ្រាន់នៅឡើយ ទាំងផ្នែកលទ្ធភាព និងសមត្ថភាព។ សហគមន៍ជាច្រើនខ្វះបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ធនធាន និងប្រព័ន្ធសម្របសម្រួលចាំបាច់ សម្រាប់ទប់ស្កាត់ ការពារនិងគាំទ្រប្រកបដោយប្រសិទ្ធភាព ដោយនាំឱ្យមនុស្សជាច្រើននាក់មិនទទួលបានជំនួយបន្ទាន់ដែលពួកគេត្រូវការ។ ដីកាការពារ និងសេចក្តីសម្រេចរដ្ឋបាល នៅតែមិនទាន់ត្រូវបានអាជ្ញាធរនិងតុលាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ជាលក្ខណៈប្រព័ន្ធនៅឡើយ។ ជំនួយផ្នែកច្បាប់, ជម្រកសុវត្ថិភាព, ជំនួយហិរញ្ញវត្ថុ និងជំនួយចិត្តសង្គម មានកម្រិតទាបខ្លាំង, មិនឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងខ្វះការយល់ដឹងអំពីយេនឌ័រ ទោះបីជាមានកិច្ចប្រឹងប្រែងបន្ថែមមួយចំនួនក្នុងរយៈពេលថ្មីៗនេះក៏ដោយ។

នៅក្នុងបរិបទនេះ មនុស្សភាគច្រើនដែលប្រឈមមុខនឹងអំពើហិង្សា មិនមានជម្រើសអ្វីក្រៅពីស្នាក់នៅក្នុងផ្ទះនិងនៅក្នុងទំនាក់ទំនងដែលមានគ្រោះថ្នាក់នេះទេ។

ទោះបីជាបន្ទាប់ពីការជាប់ពន្ធនាគារ ការលែងលះ ឬការបែកគ្នាក៏ដោយ ក៏ជនល្មើសជាច្រើននៅតែបន្តឬបង្កើនការរំលោភបំពានរបស់ខ្លួន ដោយសារតែការដាក់ទណ្ឌកម្មតាមផ្លូវតុលាការនិងយន្តការប្រកបដោយប្រសិទ្ធភាព នៅមានកម្រិត ក្នុងការទប់ស្កាត់និងការពារកុំឱ្យមានអំពើហិង្សាបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាការចាំបាច់។ ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី២ (NAPVAW II) (២០១៤-២០១៨) បានដាក់បញ្ចូលការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពមាត្រាមួយចំនួន។ ប្រការនេះត្រូវបានបន្ទរបន្ថែមក្នុងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧-២០២១)។ ជាថ្មីម្តងទៀត ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣ NAPVAW III (២០១៩-២០២៣) បានដាក់បញ្ចូលការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យឡើងវិញទៅលើច្បាប់នេះ និងរៀបចំបង្កើតយុទ្ធសាស្រ្តសម្រាប់ការធ្វើវិសោធនកម្ម។ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានរៀបចំបង្កើតផែនទីបង្ហាញផ្លូវមួយ ដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ប៉ុន្តែផែនទីបង្ហាញផ្លូវនេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។

វីថីឆ្ពោះទៅមុខ មានសភាពច្បាស់ណាស់។ ចំណុចខ្វះខាត កើតមាននៅស្ទើរតែគ្រប់មាត្រាទាំងអស់នៃច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។ យើងខ្ញុំ សូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឱ្យបានឆាប់រហ័ស ដើម្បីធានាថាមនុស្សគ្រប់រូបអាចរស់នៅរួចផុតពីអំពើហិង្សា។ រៀងរាល់ថ្ងៃនៃការពន្យារពេល បានធ្វើឱ្យសកម្មភាពនៃអំពើហិង្សាទាំងអស់ក្លាយទៅជាសកម្មភាពធម្មតា និងធ្វើឱ្យមានហានិភ័យដល់អាយុជីវិតរបស់ជនរងគ្រោះ។

យើងខ្ញុំ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា៖
● ផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់នូវផែនទីបង្ហាញផ្លូវស្តីពីវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។
● ធ្វើសេចក្តីព្រាងច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មមួយ ដែលអនុលោមតាមកាតព្វកិច្ចជាតិនិងអន្តរជាតិរបស់កម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមរយៈដំណើរការប្រកបដោយអត្ថន័យ មានតម្លាភាព និងមានបរិយាបន្ន ដែលមានមូលដ្ឋាននៃអភិក្រមដែលផ្តោតលើជនរងគ្រោះ និងកុមារ និងមានការយល់ដឹងអំពីយេនឌ័រ។ ការពិគ្រោះយោបល់ជាបន្ត គួរតែធ្វើឡើងយ៉ាងទូលំទូលាយជាមួយសង្គមស៊ីវិល ភាគីពាក់ព័ន្ធផ្សេងទៀត ស្ថាប័នសិទ្ធិកុមារ និងមនុស្សដែលបានជួបប្រទះអំពើហិង្សាក្នុងគ្រួសារ, និង
● អនុម័តច្បាប់ដែលបានធ្វើវិសោធនកម្មដោយពេញលេញនេះ ដោយមានធនធានគាំទ្រតាមតម្រូវការចាំបាច់សម្រាប់ការអនុវត្តដោយគ្មានឧបសគ្គ ព្រមទាំងមានការតាមដានត្រួតពិនិត្យនិងការវាយតម្លៃជាប្រចាំ ៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ​អង្គការ​បន្ទាយស្រី​ (B​ante​a​y​ Sr​e​y​)
២. ​អង្គការ​អាក់​សិន​អេ​ត​ (​Action​Aid​)
៣. ​អង្គការ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លប់​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​នារី​ភេទ​ (N​GO​-C​E​D​A​W​)
៤. ​អង្គការ​សម្ពន្ធ​សិទ្ធិ​កុមារ​កម្ពុជា​ (CRC-​Cam​bo​d​i​a​)
៥. ​អង្គការ​យេ​ន​ឌ​័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
៦. ​អង្គការ​ក្លាហាន​ (K​l​a​h​a​an​ ​Organization​)
៧. ​អង្គការ​ទ​ស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា​ (​World​ ​Vision​ ​Cam​bo​d​i​a​)
៨. ​អង្គ​ការសង្គ្រោះ​កុមារ​ (​Save​ ​t​h​e​ ​Child​r​e​n)
៩. ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ (​Plan​ ​International​-​Cam​bo​d​i​a​)
១០. ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មានវិបត្តិ​ (C​W​CC)
១១. ​អង្គការ​កម្ពុជា​ដើម្បី​សុខភាព​ ​និង​ការអប់រំ​សហគមន៍​ (C​H​E​C)
១២. ​អង្គការ​នារី​ដើម្បី​សន្តិភាព​ (​W​P​M​)
១៣. ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ ​ម៉ៅ​ ​ម៉ាប់​, ​នាយិកា​ប្រតិបត្តិ​, ​អង្គការ​ក្លាហាន​។​ ​ទូរសព្ទ​៖​ +​៨​៥​៥​.​៧​៨​.​៩​៧​៤​.​០​៤​០​
▪ អ៊​យ​ ​ម៉ា​រី​នី​, ​ប្រធាន​គម្រោង​,​អង្គការ​នារី​ដើម្បី​សន្តិភាព​ (​W​P​M​)​។​ ​ទូរសព្ទ​៖​ +​៨​៥​៥​.​៨​៦​.​៨​៦​០​.​៤​៣​៣​
▪ ​ប៊ុត​ ​លី​ម​, ​ម​ន្រ្តី​កម្មវិធី​ជាន់ខ្ពស់​, ​អង្គការ​កម្ពុជា​ដើម្បី​សុខភាព​ ​និង​ការអប់រំ​សហគមន៍​ (​ឆេ​ក​)​។​ ​ទូរសព្ទ​៖​ +​៨​៥​៥​.​១​២​.​៣​០​៨​.​៨​៣​៩​
▪ ​ប៉ិច​ ​សុភ័ក្រ​, ​ម​ន្រ្តី​បណ្តាញ​បុរស​កម្ពុជា​, ​អង្គការ​យេ​ន​ឌ​័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)​។​ ​ទូរសព្ទ​៖​ +​៨​៥​៥​.​៧​៧​.​៩​៨​៣​.​៤​១​៤​

PDF: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

Related Articles