កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ជាកម្មវិធីមួយរបស់ NGO-CEDAW ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃនៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ២០២៣។ កម្មវិធីនេះគឺផ្តល់ឱកាសដល់សិល្បៈករអោយប្រើប្រាស់ការស្រមើលស្រមៃ ទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនបង្កើតជាស្នាដៃសិល្បៈដើម្បីលើកកម្ពស់ការយល់ដឹង និងឆ្លុះ បញ្ចាំងទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធលើអំពើហិង្សាផ្អែកលើយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី ការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជា ។ សម្រាប់ឆ្នាំ ២០២៣ នេះ NGO-CEDAW បានជ្រើសរើស និងគាំទ្រសិល្បករជាតិខ្មែរវ័យក្មេងប្រកបដោយទេពកោសល្យចំនួន ៣ ក្រុម ក្នុងចំណោមអ្នកដាក់ពាក្យជាច្រើននាក់។ សិល្បករច្នៃប្រឌិតបែបសិល្បៈទាំង ៣ ក្រុមនេះ រួមមាន៖
១. អ្នកកែច្នៃរូបថតដែលផ្តោតលើការបំបែកផ្នត់គំនិតដែលមានលក្ខណៈរឹតត្បិត និងរើសអើងលើតួនាទី យេនឌ័រចំពោះអត្តសញ្ញាណយេនឌ័រ ណាមួយ។
២. អ្នកសរសេរសៀវភៅប្រលោមលោកខ្លី ក្រោមចំណងជើងថា “ភឿនសម្លាញ់” ដើម្បីឆ្លុះបញ្ចាំងអំពីរឿងរ៉ាវរបស់កម្មកររោងចក្រកាត់ដេរពីរនាក់ដែលផ្សាភ្ជាប់គ្នាចំពោះបុគ្គលិកលក្ខណះ និងចែករំលែកនូវការប៉ះទង្គិចផ្លូវចិត្តពីការទទួលរងនូវការបំពារបំពានក្នុងគ្រួសារ។
៣. អ្នកបង្កើតសៀវភៅឌីជីថលកុមារ ក្រោមចំណងជើងថា “មិនត្រឹមតែជាលុយ” ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃអំពើហិង្សាផ្នែកសេដ្ឋកិច្ចក្នុងក្រសែភ្នែករបស់កុមារដែលចម្រើនវ័យនៅក្នុងគ្រួសារដែលមានអំពើហិង្សា។
គោលបំណង៖ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជន អំពីបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និង ក្មេងស្រីគ្រប់និន្នាការយេនឌ័រ។