សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា នៅព្រឹកថ្ងៃសុក្រនេះ បង្ហាញជំនឿចិត្ត១០០ភាគរយថា អ្នកស្រី នឹងត្រូវបានតុលាការកំពូលដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកស្រី បានជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយ។
មុនដើរចូលបន្ទប់សវនាការនៅព្រឹក ថ្ងៃសុក្រនេះ អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា តុលាការកំពូល នឹងបង្ហាញភាពយុត្តិធម៌នៅពេលនេះ ដោយសារតុលាការ មិនមានភ័ស្តុតាងណា ដាក់បន្ទុកលើអ្នកស្រីទេ។
នៅខាងក្រៅតុលាការកំពូល ពលរដ្ឋប្រមាណជា៣០០នាក់ រួមមានសហគមន៍ដីធ្លី និងព្រះសង្ឃផងបាន បានប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យតុលាការកាត់ក្តីដោយយុត្តិធម៌ ដោះលែងអ្នកស្រីយ៉ោម បុប្ផា។ អ្នកស្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រីទៅជាបទផ្តួចផ្តើមឲ្យមាន ហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល៕
អានបន្ត៖យ៉ោម បុប្ផា បង្ហាញជំនឿចិត្ត១០០ភាគរយថាតុលាការនឹងដោះលែងអ្នកស្រី

