សាវតា៖
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។
អំពីអ្នកបង្កើតស្នាដៃ៖
ស៊ាប សំណាង ជាស្ថាបត្យករឯករាជ្យ និងជាគ្រូបង្រៀនគំនូរកុមារ និង ផុន ដុល្លា ជាគណនេយ្យករ បាន សហការណ៍គ្នាបង្កើតនូវគំនូរបែបច្នៃប្រឌិត ប្រភេទគំនូរកាត់បិត ដែលមានឈ្មោះថា “គុណតម្លៃ និង ការតាំងចិត្ត”។ គំនូរនេះប្រើប្រាស់សម្ភារៈដែលត្រូវគេបោះចោលដូចជាសំបកកំប៉ុង គម្របដប យកមកច្នៃប្រឌិតដោយបង្ហាញអំពីសាច់ រឿងរបស់ស្រ្តី ២នាក់ ដែលរស់នៅតំបន់ចាក់សម្រាម ហើយធ្លាប់ឆ្លងកាត់នូវការរើសអើង និងឧបសគ្គផ្សេងៗក្នុង ជីវិតរស់នៅរបស់ពួកគេ។ គោលបំណងនៃការបង្កើតស្នាដៃនេះដែរ គឺដើម្បីលើកទឹកចិត្ត និងបង្ហាញដល់ស្ត្រី និងក្មេងស្រីនៅក្នុងស្ថានភាពប្រឈមស្រដៀងគ្នាផ្សេងទៀតអោយព្យាយាមយ៉ាងពេញទំហឹងដើម្បីចាប់យកក្តីស្រម៉ៃរបស់ខ្លួន។
ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o