The Cambodian NGO Committee on CEDAW

កម្មវិធីជជែកដេញដោល ២០២៤ – ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១

កម្មវិធីជជែកដេញដោលឆ្នាំ២០២៤ របស់ NGO-CEDAW ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្រោមប្រធានបទ “ស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១” និងសហការរៀបចំដោយ RULErs ។ គោលបំណងនៃការកម្មវិធីជជែកដេញដោលគឺ៖

  • លើកកម្ពស់ការយល់ដឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធនានា ដើម្បីមើលឃើញករណីផ្សេងៗអំពីបញ្ហាយេនឌ័រដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា តាមរយៈការពិភាក្សា និងទស្សនៈរបស់យុវជន។
  • បង្កើតវេទិកាជជែកដេញដោលមួយដែលយុវជនអាចបញ្ចេញសំឡេង និងទស្សនៈរបស់ពួកគេទាក់ទងនឹងបញ្ហាយេនឌ័រនៅក្នុងបរិបទកម្ពុជា។
  • ផ្តល់ឱកាសដល់យុវជនក្នុងការបង្ហាញពីជំនាញរបស់ពួកគេក្នុងការនិយាយជាសាធារណៈ និងជំនាញជជែកពិភាក្សានៅលើឆាក។
  • ធ្វើឱ្យយុវជនបានសិក្សា និងឈ្វេងយល់អំពីគោលការណ៍ ក្របខណ្ឌ និងអនុសញ្ញាស៊ី-ដ ។
  • បង្កើតយុទ្ធនាការតស៊ូមតិ ឬគំនិតផ្តួចផ្តើមអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីយេនឌ័រប្រកបដោយបរិយាបន្ន
  • ផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ និងការយល់ដឹងពេញលេញអំពីបញ្ហាបច្ចុប្បន្ន និងផ្តល់ឱ្យពួកគេនូវជំនាញដូចជាវគ្គបណ្តុះបណ្តាល និងការផ្តល់ប្រឹក្សាយោបល់ដែលអាចឲ្យពួកគេយកទៅប្រើប្រាស់នាអនាគតផងដែរ។

ដើម្បីធានាការប្រព្រឹត្តទៅដោយរលូននៃការជជែកដេញដោលជាសាធារណៈ គណៈកម្មាធិការសហរៀបចំបានសកម្មភាពជាច្រើនមុននឹងឈានដល់ថ្ងៃប្រកួតជជែកដេញដោល។ ដំណើរការជ្រើសរើសបេក្ខភាព បានចំណាយពេលប្រហែល ពីរសប្តាហ៍ ដោយមានការបំពេញពាក្យតាមអនឡាញ។ យើងបានទទួលអ្នកចុះឈ្មោះតាម អនឡាញចំនួន៩៣នាក់ ហើយបានជ្រើសរើសប្រហែល ៧០នាក់ ដើម្បីបន្តទៅវគ្គសម្ភាសន៍។ មុននឹងឈានដល់ការធ្វើបទសម្ភាសន៍ វគ្គតម្រង់ទិសត្រូវបានធ្វើឡើងសម្រាប់អ្នកសម្ភាសន៍ទាំងអស់ដើម្បីឱ្យពួកគេយល់ពីដំណើរការសម្ភាសន៍។ លើសពីនេះ ការបណ្តុះបណ្តាលលើគោលការណ៍អនុសញ្ញាស៊ី-ដ   ក៏ត្រូវបានផ្តល់ជូនផងដែរ ដែលអនុញ្ញាតឱ្យពួកគេរៀនចំណេះដឹងជាមូលដ្ឋានមួយចំនួននៃគោលគំនិតយេនឌ័រ។ បន្ទាប់ពីវគ្គសម្ភាសន៍ គណៈកម្មាធិការបានជ្រើសរើសបេក្ខជនចំនួន១៨រូប ដើម្បីចូលរួមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដើម្បីជាមធ្យោបាយសម្រាប់អ្នកជជែកដេញដោលក្នុងការរៀបចំ និងកសាងចំណេះដឹង និងជំនាញរបស់ពួកគេលើការជជែកពិភាក្សា វគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃការជជែកដេញដោល និងការបណ្តុះបណ្តាលស្តីពី យេនឌ័រត្រូវបានផ្តល់ជូន។ ក្នុងអំឡុងពេលនៃការរៀបចំនេះ ក្រុមការងារក៏បានគាំទ្រអ្នកជជែកដេញដោលដោយផ្តល់ អ្នកណែនាំតាមក្រុមនីមួយៗ អ្នកណែនាំសុទ្ធតែជាអតីតបេក្ខភាពជ័យលាភីពីកម្មវិធីជជែកដេញដោលឆ្នាំមុនៗ ដែលពោរពេញដោយបទសោធន៍ និងការធ្វើការជាក្រុម។  ជាងនេះទៅទៀត ការជជែកដេញដោលសាកល្បង ត្រូវបានរៀបចំឡើងសម្រាប់ពួកគេ ដើម្បីឲ្យអ្នកជជែកដេញដោលមានឱកាសអនុវត្ត និងហាត់សមបទបង្ហាញជជែកដេញដោលរបស់ពួកគេ។ ប្រធានបទពិភាក្សាសម្រាប់ក្រុមជជែកកំឡុងពេលការជជែកដេញដោលសាកល្បង គឺ៖ 

  1. “យុវជនដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ផ្នត់គំនិតយេនឌ័រ” ពិភាក្សាដោយ ក្រុមស្រប (ឃ្មុំមាលា) – ក្រុមបដិសេធ (នារីបញ្ចយុទ្ធ)
  2. “ការអប់រំគឺជាយន្តការចម្បងក្នងការបញ្ឈប់ផ្នត់គំនិតយេនឌ័រ” ពិភាក្សាដោយ ក្រុមស្រប (ស្រមោចក្រហម) – ក្រុមបដិសេធ (GenZ’s Genius)

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តធ្វើឡើងនៅថ្ងៃទី២៩  ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ ប៉ូឡូវ៉ៃ ដែលមានអ្នកចូលរួមសរុបចំនួន ៦១ នាក់ ស្ត្រី ៣៨នាក់ យុវជន៥៤នាក់។ ប្រធានបទជជែកកំឡុុងពេលការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺ៖ 

  1. “ការកំណត់ចំនួនកូតាស្រ្ដី និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះក្នុងវិស័យការងារ ជាកាតាលីករឪ្យមានសមភាពយេនឌ័រ​ ក្នុងសង្គម” ពិភាក្សាដោយក្រុម ក្រុមស្រប (ឃ្មុំមាលា) – ក្រុមបដិសេធ (GenZ’s Genius)
  2. ការបង្កើនចំនួនស្រ្ដីក្នុងតួនាទីដឹកនាំ និង​សម្រេចចិត្ត គឺជាកត្តាដ៏មានប្រសិទ្ធភាពក្នុងការកសាងសង្គម ដែលមិនមានការ រើសអើងផ្អែកលើយេនឌ័រ” ពិភាក្សាដោយ ក្រុមស្រប (នារីបញ្ចយុទ្ធ) – ក្រុមបដិសេធ (ស្រមោចក្រហម)

ការប្រកួតវគ្គផ្តាច់ព្រ័ត្របន្ទាប់មកបានធ្វើឡើងនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2024 នៅសណ្ឋាគារ និងផ្ទះល្វែង Himawari ដោយមានអ្នកចូលរួមសរុបចំនួន 90 អង្គ/នាក់។ ប្រធានបទជជែកកំឡុុងពេលការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ គឺ៖ 

  1. “តួនាទីយេនឌ័រនិងផ្នត់គំនិតសង្គមជាមូលហេតុចម្បងនាំឲ្យមានវិសមភាពនៃការ​​ ចូលរួម​របស់ស្រ្ដីក្នុងវិស័យការងារ” ពិភាក្សាដោយក្រុមស្រប (នារីបញ្ចយុទ្ធ) – ក្រុមបដិសេធ (GenZ’s Genius)

សូមចូលរួមអបអរសាទរដល់ក្រុមនារី នារីបញ្ចយុទ្ធ ដែលបានក្លាយជាជ័យលាភីលេខ១ និងក្រុម GenZ’s Genius ដែលបានក្លាយជាជ័យលាភីលេខ២ ក្នុងការប្រកួតជជែកដេញដោលជុំវិញមូលបទ “ស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១” ឆ្នាំ២០២៤។

 

សូមអបអរសាទរដល់បេក្ខជនថ្វីមាត់ឆ្នើមទាំងអស់ ក្រុមដែលធ្វើការជាក្រុមល្អបំផុត បេក្ខជនដែលមានការអភិវឌ្ឍល្អបំផុត និងបេក្ខភាពទាំងអស់អ្នកដែលបានចូលរួមក្នុងដំណើរនៃការរៀនសូត្រដ៏មានអត្ថន័យនេះ។

   

ក្រុមការងាររៀបចំកម្មវិធី សូមថ្លែងអំណរគុណដល់គ្រូបង្វឹក សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ព្រមទាំងគណកម្មការផ្តល់ពិន្ទុដែលរួមាន  អយ ម៉ារីនី សោម ទីណា សុទ្ធ ពៅសំណាង ផាន់ គឹមហុង សុគន្ធ សុខា និង ពេជ្រ ភារៈ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីនេះ។ ជាថ្មីម្តងទៀត សូមអរគុណដល់អ្នកណែនាំទាំងបួនគឺ អ៊ុង ខេមរាបូណ៌មីច័ន្ទ ប៉ា លីហេង ហី ចាន់នី និងជឿម ស្រីចិន ដែលបានផ្តល់ការណែនាំ មតិកែលម្អ និងបង្វឹកដល់ក្រុមរៀងៗខ្លួន។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូសហការ ម្ចាស់ជំនួយ DanChurchAid Cambodia, UN Trust Fund ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី Heinrich Böll Stiftung Cambodia និងដៃគូប្រព័ន្ធផ្សព្វផ្សាយទាំងអស់ CCIM, Kampuchea Thmey, និង CC Times សម្រាប់ការគាំទ្រ និងជួយធ្វើឱ្យកម្មវិធីដំណើរការដោយរលូន។ ជាពិសេសសូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំ ចំណាយពេលវេលាផ្ទាល់ខ្លួន និងចូលរួមប្រជុំទាំងថ្ងៃចុងសប្តាហ៍ និងពេលយប់។ ការខិតខំប្រឹងប្រែងរបស់អ្នកពិតជាមានន័យច្រើនចំពោះគម្រោងនេះ។

   

   


#NGOCEDAW #UniversityDebate2024 #Youths_Perspectives #Gender_Equality #RULErs

Related Articles