របាយការណ៍នេះរៀបចំឡើងដោយ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បី អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW) ដោយសហការជាមួយអង្គការសង្គមស៊ីវិលជាសមាជិក និងដៃគូរបស់ខ្លួន ក៏ដូចជា សម្ព័ន្ធសង្គមស៊ីវិលផ្សេងទៀតនៅកម្ពុជា ដែលមានសណ្ដានចិត្តជួយផ្តល់ជាធាតុចូល និងការប្រឹក្សាផ្នែកបច្ចេកទេសផ្សេងៗ។
របាយការណ៍តាមដានស្តីពីការតាមដានការអនុវត្ត អនុសញ្ញាស៊ី-ដ ឆ្នាំ២០២៥ សម្រាប់ប្រទេសកម្ពុជា បង្ហាញពីក្តីបារម្ភ សំខាន់ៗ ព្រឹត្តិការណ៍ និងការស្រាវជ្រាវថ្មីៗទាក់ទងនឹងសិទ្ធិស្ត្រី ក្មេងស្រី និងអ្នកមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស ផ្សេងទៀត។ របាយការណ៍នេះមិនគ្របដណ្តប់លើគ្រប់ប្រធានបទទាំងអស់ទេ ប៉ុន្តែផ្តោតលើបញ្ហាដែលកើតឡើងថ្មី ឬការព្រួយបារម្ភចម្បងៗនៅក្នុងឆ្នាំនីមួយៗ។
សិទ្ធិរបស់ស្ត្រី ក្មេងស្រី និង អ្នកមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស នៅក្នុងប្រទេសកម្ពុជាបានជួបប្រទះនឹងឧបសគ្គគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២៥ ខណៈជម្លោះប្រដាប់អាវុធ ការផ្លាស់ទីលំនៅ វិបត្តិសេដ្ឋកិច្ច ការរឹតត្បិតលំហសង្គមស៊ីវិល ការរើសអើង និងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រជាបន្តបន្ទាប់។ ប្រទេសកម្ពុជាមិនទាន់បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានពេញលេញនៅឡើយ ក្រោម អនុសញ្ញាស្តីពីការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) ហើយវឌ្ឍនភាពជាបន្តបន្ទាប់នៅតែចាំបាច់ដើម្បីអនុវត្តនូវសេចក្តីសង្កេតសន្និដ្ឋាន ឆ្នាំ២០១៩ របស់គណៈកម្មាធិការស៊ី ដ។ [1]
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មានផលប៉ះពាល់យ៉ាងធំធេងទៅលើយេនឌ័រ ប៉ុន្តែការឆ្លើយតបក្នុងគ្រាអាសន្នភាគច្រើនខ្វះការវិភាគយេនឌ័រ។ ការផ្លាស់ទីលំនៅទ្រង់ទ្រាយធំរបស់មនុស្សជាង ៦៤៤.០០០ នាក់ បានរំខានដល់ការទទួលបានសេវាថែទាំសុខភាព ការអប់រំ ជីវភាពរស់នៅ និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ស្ត្រី និងក្មេងស្រី ខណៈពេលដែលបង្កើនហានិភ័យនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការយាយីផ្លូវភេទ។ ការវិលត្រឡប់យ៉ាងច្រើនរបស់ពលករចំណាកស្រុកកម្ពុជាប្រមាណ ៩១០.០០០ នាក់ពីប្រទេសថៃ បានធ្វើឱ្យជីវភាពរស់នៅកាន់តែតានតឹង និងកាត់បន្ថយប្រាក់បញ្ញើ ដោយស្ត្រីត្រូវបានគេរាយការណ៍ថាមិនអាចទទួលបានការងារស្របតាមជំនាញរបស់ពួកគេនៅពេលត្រឡប់មកវិញ។ ការវិវត្តទាំងនេះបានគូសបញ្ជាក់ពីភាពពាក់ព័ន្ធនៃរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ប៉ុន្តែកម្ពុជាមិនទាន់បានអនុម័តផែនការសកម្មភាពជាតិនៅចុងឆ្នាំ ២០២៥ នៅឡើយទេ។
ស្ត្រីនៅតែមិនមានតំណាងច្រើននៅក្នុងជួរថ្នាក់ដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត ខណៈពេលដែលលំហសង្គមស៊ីវិលនៅតែបន្តត្រូវបានគាបសង្កត់។ សកម្មជនស្ត្រីបានប្រឈមមុខនឹងការយាយី និងការឃ្លាំមើលជាប្រព័ន្ធ ដោយមានសកម្មជនស្ត្រីយ៉ាងហោចណាស់ ១៤ នាក់នៅតែជាប់ពន្ធនាគារនាចុងឆ្នាំ។ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសញ្ជាតិ បានបង្កើនហានិភ័យនៃការដកហូតសញ្ជាតិ និងភាពមិនមានរដ្ឋដោយបំពាន ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រីដែលបានបញ្ចេញមតិផ្ទុយ។
ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ និងការផ្តល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុដោយកេងប្រវ័ញ្ច នៅតែបន្តកើតមាននៅទូទាំងប្រទេស ដែលប៉ះពាល់យ៉ាងខ្លាំងដល់ស្ត្រី និងជនជាតិដើមភាគតិច។ ការប្រែប្រួលអាកាសធាតុក៏ធ្វើឱ្យវិសមភាពយេនឌ័រកាន់តែធ្ងន់ធ្ងរឡើងដោយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង សុខភាព និងជីវភាពរស់នៅ និងបង្កើនការងារថែទាំដែលមិនទទួលបានប្រាក់កម្រៃ។ ទោះបីជាយ៉ាងនេះក្តី គោលនយោបាយអាកាសធាតុដែលឆ្លើយតបទៅនឹងយេនឌ័រមិនត្រូវបានអនុវត្តយ៉ាងពេញលេញទេ ហើយសកម្មជនបរិស្ថាននៅតែជាប់ពន្ធនាគារ។
អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែរីករាលដាល រួមទាំងអំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទ ការរំលោភបំពានដែលសម្របសម្រួលដោយបច្ចេកវិទ្យា ការជួញដូរមនុស្ស អំពើហិង្សាប្រឆាំងនឹងអ្នកប្រកបរបរផ្លូវភេទ និងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត។ យុត្តិធម៌ និងសេវាកម្មដែលផ្តោតលើអ្នករស់រានមានជីវិតនៅតែមិនគ្រប់គ្រាន់ ហើយកំណែទម្រង់ច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះនៅតែជាប់គាំង។
ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចក្នុងអំពើឆបោកបានបន្តដោយគ្មានទោសពៃរ៍ស្ទើរតែទាំងស្រុង ដោយសារមនុស្សត្រូវបានទទួលរងនូវការធ្វើពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទដោយគ្មានការកាត់ទោសអ្នកជួញដូរនៅក្នុងប្រទេសកម្ពុជា។
អសន្តិសុខសេដ្ឋកិច្ច និងការរំលោភសិទ្ធិការងារនៅតែបន្តកើតមានចំពោះស្ត្រីជាច្រើន ខណៈដែលកម្មករក្រៅប្រព័ន្ធ ប្រឈមមុខនឹងការដកចេញដោយបំពានពីយន្តការការពារសង្គម។ អ្នកប្រកបរបរផ្លូវភេទ និងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត នៅតែបន្តខ្វះការការពារសិទ្ធិការងារ ការមិនបានយកចិត្តទុកដាក់ ពីតម្រូវការសម្រាប់ការងារប្រកបរបរផ្លូវភេទ ដែលត្រូវបានគេគិតថាជាការងារខុសច្បាប់។
ការទទួលបានសេវាសុខភាពនៅតែមិនស្មើគ្នា។ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ រួមទាំងការរំលូតដោយសុវត្ថិភាព ត្រូវបានរារាំងដោយការរើសអើង មាក់ងាយ និងការយល់ដឹងមានកម្រិត ខណៈដែលការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយត្រូវបានអនុវត្តមិនស៊ីសង្វាក់គ្នា។
វិបត្តិចង្អៀតណែនក្នុងពន្ធនាគារនៅកម្ពុជាកាន់តែធ្ងន់ធ្ងរឡើង ដោយមានការកើនឡើង 26% នៃចំនួនស្ត្រី និងក្មេងស្រីដែលកំពុងជាប់ឃុំឃាំង។ ភាគច្រើនត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន មុនការកាត់ទោសក្រោមលក្ខខណ្ឌដែលមិនគ្រប់គ្រាន់។
បើទោះបីជាប្រទេសកម្ពុជាមានគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនទាក់ទងនឹងយេនឌ័រក៏ដោយ ការអនុវត្តនៅតែមានកម្រិត មិនស្មើភាពគ្នា និងខ្វះខាតធនធាន។ ក្រសួងកិច្ចការនារីនៅតែស្ថិតក្នុងចំណោមក្រសួងដែលទទួលបានហិរញ្ញប្បទានទាបបំផុត ដោយទទួលបានថវិកាចំនួន ៥១,៩៧៩ លានរៀល (ប្រហែល ១២,៩៩ លានដុល្លារអាមេរិក) ដែលស្មើនឹងប្រហែល ០,១៤% នៃថវិកាជាតិ ខណៈដែលការបញ្ជ្រាបយេនឌ័រនៅទូទាំងក្រសួងផ្សេងទៀតខ្វះធនធាន និងការទទួលខុសត្រូវដែលស៊ីសង្វាក់គ្នា។ [2]
រួមជាមួយនឹងបញ្ហាប្រឈមទាំងនេះ សង្គមស៊ីវិល និងចលនាសិទ្ធិស្ត្រីបានប្រឈមមុខនឹងការកាត់បន្ថយជំនួយថវិកាដែលមិនធ្លាប់មានពីមុនមកដោយតួអង្គដៃគូអភិវឌ្ឍន៍អន្តរជាតិ។ ការបញ្ចប់ភ្លាមៗនៃជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីខែមករា ឆ្នាំ២០២៥ បានធ្វើ ឱ្យពួកគេភាគច្រើនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ ការផ្តល់មូលនិធិប្រកបដោយចីរភាពសម្រាប់ចលនាស្ត្រីនិយម និងសិទ្ធិស្ត្រីគឺមានសារៈសំខាន់ខ្លាំងណាស់នៅឆ្នាំ២០២៦។
ក្នុងចំណោមបរិបទជាតិ និងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស វឌ្ឍនភាពដ៏មានអត្ថន័យឆ្ពោះទៅរកសមភាពយេនឌ័រនៅកម្ពុជា អាស្រ័យលើរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់ជាបន្ទាន់ ប្រកបដោយចីរភាព និងមានធនធានគ្រប់គ្រាន់ ដែលផ្តោតលើសំឡេង អាទិភាព និងស្ថានភាពជាក់ស្តែងរបស់ស្ត្រី ក្មេងស្រី និងអ្នកមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស ដើម្បីធានាបាននូវការទទួលបានសិទ្ធិមនុស្សរបស់ពួកគេយ៉ាងពេញលេញ។
អនុសាសន៍លម្អិតមានផ្តល់ជូនក្នុងរបាយការណ៍។ សកម្មភាពអាទិភាពដូចខាងក្រោមនេះជាអនុសាសន៍ដាក់ជូន រដ្ឋាភិបាលប្រទេសកម្ពុជា៖
១. បែងចែកធនធាន៖ បែងចែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ជាក់លាក់ និងសម្រាប់ រយៈពេលវែង ដោយប្រើថវិកាជាតិ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាព គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាពយេនឌ័រនៅកម្ពុជា។
២. កិច្ចគាំពារ និងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៖
ពិនិត្យឡើងវិញជាបន្ទាន់ និងគ្រប់ជ្រុងជ្រោយទៅលើក្របខ័ណ្ឌច្បាប់ ជាពិសេសច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះ ពង្រឹងកម្មវិធីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ធានាការទទួលបានសេវាកម្មយ៉ាងទូលំទូលាយ និងមិនធ្វើឱ្យការងារប្រកបរបរផ្លូវភេទក្លាយជាបទល្មើស និងលុបចោលច្បាប់ដាក់ទណ្ឌកម្ម និងច្បាប់រើសអើងទាំងអស់។
៣. ស្ត្រីអ្នកការពារសិទ្ធិមនុស្ស និងលំហសង្គមស៊ីវិល៖ បញ្ចប់រាល់ទម្រង់នៃការបៀតបៀន អំពើហិង្សា និងការគំរាមកំហែងទៅលើស្ត្រីនយោបាយគណបក្សប្រឆាំង ជាអ្នកសារព័ត៌មាន ជាសកម្មជនដីធ្លី សកម្មជនសិទ្ធិការងារ និងបរិស្ថាន ស្ត្រីជាអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
៤. ការចូលរួមរបស់ស្ត្រីក្នុងឆាកនយោបាយ៖
ធានាថាស្ត្រីមានតំណាងស្មើគ្នាក្នុងឆាកនយោបាយ និងការតាក់តែងច្បាប់នៅថ្នាក់ជាតិ ខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ តាមរយៈវិធានការពិសេសបណ្ដោះអាសន្ន។ វិធានការទាំងនេះអាចរួមមានចំណាត់ការវិជ្ជមានចំ គោលដៅ កំណត់ប្រព័ន្ធកូតា និងវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីទាមទារឱ្យមានបញ្ជីគណបក្សដែលមាន តុល្យភាពយេនឌ័រ រួមទាំងការកំណត់ឱ្យមានការឆ្លាស់គ្នារវាងបេក្ខជនស្ត្រី និងបុរស និងស្ត្រីនៅក្នុងតំណែងលំដាប់ ទីមួយយ៉ាងហោចណាស់ ៥០% នៃបញ្ជីគណបក្សនីមួយៗ។
៥. វិបត្តិក្នុងការឆ្លើយតបនឹងយេនឌ័រ៖
កំណត់ និងដោះស្រាយជាប្រព័ន្ធនូវតម្រូវការរបស់ស្ត្រី ក្មេងស្រី និងអ្នកមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស នៅ ក្នុងពេលមានវិបត្តិ និងការជម្លៀសចេញពីទីលំនៅ រាប់ទាំងវិបត្តិដែលកើតចេញពីសង្គ្រាម ការចំណាកស្រុក ការ ប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចផងដែរ។ ធានាឱ្យបាននូវលទ្ធភាពទទួលបានជំនួយសង្គ្រោះបន្ទាន់ចំគោលដៅ សេវាគាំទ្រដែលចាំបាច់ ឱកាសការងារពាក់ព័ន្ធ និងឱកាសប្រកបមុខរបរចិញ្ចឹមជីវិត យន្តការការពារ អំពើហិង្សាទាក់ទងនឹងយេនឌ័រមានប្រសិទ្ធិភាព និងការបន្ធូរបន្ថយបំណុលដែលមានភាពស្ថិតស្ថេរ។
PDF៖ ទាញយករបាយការណ៍ជាភាសារអង់គ្លេស, ទាញយករបាយការណ៍ជាភាសារខ្មែរ
[1] CEDAW Committee, “Concluding observations on the sixth periodic report of Cambodia”, CEDAW/C/KHM/CO/6, November 12, 2019, para. 15(b), online: <https://docs.un.org/en/CEDAW/C/KHM/CO/6>.
[2] Ministry of Economy and Finance, “Budget in Brief: Fiscal Year 2025”, online: https://mef.gov.kh/documents/budget-
in-brief-2025/.

