ចេញផ្សាយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីថ្លែងការណ៍នេះ លើកឡើងអំពីអំពើហិង្សាក្នុងគ្រួសារ។ ប្រសិនបើអ្នកកំពុងទទួលរងអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាផ្លូវភេទ អ្នកអាច ទាក់ទងអង្គការណាមួយ ដើម្បីស្វែងរកការគាំទ្រ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ (ច្បាប់អំពើហិង្សាក្នុងគ្រួសារ) ឆ្នាំ២០០៥ ត្រូវការធ្វើការកែប្រែជាបន្ទាន់។ ការបន្តខកខានរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែច្បាប់នេះ បានធ្វើឱ្យស្ត្រី កុមារ និងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) នៅទូទាំងប្រទេស បន្តប្រឈម ផលប៉ះពាល់ ដោយគ្មានកិច្ចការពារគ្រប់គ្រាន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល ក្រោមការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិ បានបង្ហាញវឌ្ឍនភាពឆ្ពោះទៅការធ្វើវិសោធនកម្មច្បាប់នេះ តាមរយៈការចាត់ឱ្យមានការវិភាគផ្នែកច្បាប់ គោលការណ៍ណែនាំ និងរៀបចំផែនទីបង្ហាញផ្លូវមួយ ដែលនៅតែមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនៅឡើយ ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំហើយក៏ដោយក្តី។ មកទល់នឹងពេលបច្ចុប្បន្ន សកម្មភាពទាំងនេះនៅមិនទាន់បានកែតម្រូវចំណុចខ្វះខាតដែលមាននៅក្នុងច្បាប់អំពើហិង្សាក្នុងគ្រួសារនៅឡើយទេ ហើយកង្វះការពិគ្រោះយោបល់ ជា មួយអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ អំពីដំណើរការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ ក៏មិនបានបង្កើតនូវទំនុកចិត្តដែលថា ចំណុចខ្វះខាតទាំងនេះនឹងត្រូវបានដោះស្រាយប្រកបដោយអត្ថន័យពេញលេញនោះដែរ។
អំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យស្ត្រីនិងកុមារជាប់គាំងនៅក្នុងលំនៅឋានដែលគ្មានសុវត្ថិភាព រំខានដល់ការងារ និងការសិក្សា ព្រមទាំងបង្កការឈឺចាប់យូរអង្វែងទៅលើរាងកាយនិងផ្លូវចិត្ត។ គ្រាន់តែអង្គការលីកាដូ(LICADHO) មួយប៉ុណ្ណោះ បានកត់ត្រាថា មានមនុស្សយ៉ាងតិចណាស់ ១៨១ នាក់ ត្រូវបានសម្លាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ ចាប់តាំងពីឆ្នាំ២០២០ មក ដោយក្នុងចំណោមនោះ មានស្ត្រី ២៤នាក់ កុមារី ៦នាក់ និងកុមារា ៥នាក់ ត្រូវបាន សម្លាប់ក្នុងរយៈពេលត្រឹមតែពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ។ ជនរងគ្រោះជា ច្រើនបានស្វែងរកជំនួយមុនពេលពួកគេស្លាប់ ប៉ុន្តែអាជ្ញាធរមួយចំនួនបានត្រឹមតែធ្វើការ «ការអប់រំ» ជនល្មើស និងផ្សះផ្សាដៃគូ/ប្តីប្រពន្ធឱ្យត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។ ពុំមានជនរងគ្រោះណាម្នាក់ក្នុងចំណោមពួកគេ ទទួលបានវិធានការទប់ស្កាត់ ឬកិច្ចការពារគ្រប់គ្រាន់នោះឡើយ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត នៅតែបន្តរស់ ក្នុងស្ថានភាព ហានិភ័យ នៃគ្រោះថ្នាក់ពីអំពើហិង្សាក្នុងគ្រួសារ ។
បច្ចុប្បន្ន ការតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានគ្រោងឡើងក្រោមគម្រោង «ការពង្រឹងប្រព័ន្ធជាតិសម្រាប់ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ»។ គម្រោងនេះ អនុវត្តដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលរំពឹងថានឹងចាប់ផ្តើមសកម្មភាពនៅឆ្នាំក្រោយ។ អ្នកដែលធ្លាប់ទទួលរងផល ប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារ និងអង្គការសង្គមស៊ីវិលនានា ត្រូវតែទទួលបានការចូលរួមក្នុង «ក្រុមការងារពហុវិស័យ» ដែលនឹងត្រូវបានបង្កើតឡើងនៅក្រោមគម្រោងនេះ ដើម្បីធានាថា ច្បាប់ដែលបានធ្វើវិសោធនកម្មរនោះ ឆ្លើយតបតាមតម្រូវការនានារបស់អ្នក ដែលប្រឈមហានិភ័យ អំពើហិង្សាក្នុងគ្រួសារគ្រប់រូប ជនប្រព្រឹត្តទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំងហាមឃាត់ការសម្រុះសម្រួលនិងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រប់ទម្រង់ ដោយសារហេតុផលលើភាពមិនស្មើគ្នានៃទំនាក់ទំនងអំណាច ដែល កើតមាននៅក្នុងការរំលោភបំពានប្រភេទទាំងនេះ។
រាជរដ្ឋាភិបាលបានបង្ហាញពីចេតនាដំបូង ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ក្នុងរយៈ ពេលជាងមួយទសវត្សរ៍កន្លងមកហើយ។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៤–២០១៨ (NAPVAW II) បានដាក់ចេញនូវគោលបំណងពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នមាត្រា មួយចំនួននៃច្បាប់នេះ។ បន្តាប់មកក៏មានការប្តេជ្ញាស្រដៀងគ្នាផ្សេងៗទៀតនេះជាបន្តរបន្ទាប់ដែរ ដូចជា នៅក្នុងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧–២០២១ និង ២០២៥–២០៣០) ផែនការ NAPVAW III (២០១៩–២០២៣) និងផែនការនារីរតនៈទី៦ (២០២៤–២០២៨)។ ទើបតែពេលថ្មីៗនេះ នៅក្នុងផែនការសកម្មភាពជាតិ NAPVAW IV (២០២៥–២០៣០) បានបញ្ជាក់ជាម្តងទៀត អំពីចេតនារបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្ម និងផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ឱ្យស្របតាមបទដ្ឋានជាតិនិងអន្តរជាតិ ប៉ុន្តែការកំណត់ពេលវេលាដែលគួរអោយព្រួយបារម្ភនោះ គឺអូសបន្លាយរហូតដល់ឆ្នាំ២០៣០។
គម្លាតនានា ដែលមាននៅក្នុងច្បាប់ត្រូវបានរំលេចឡើងជាច្រើនលើកច្រើនសារមកហើយ។ តាំងពីឆ្នាំ២០១៥ មក ក្រុមសង្គមស៊ីវិលបានលើកឡើងថាច្បាប់នេះមានចំនុចខ្វះខាតមួយចំនួនយ៉ាងច្បាស់ ហើយ បានអំពាវនាវឱ្យធ្វើ វិសោធនកម្ម។ នៅក្នុង សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីឆ្នាំមុន ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងជាថ្មីថា ការពិនិត្យ ឡើងវិញទាំងស្រុងទៅលើច្បាប់នេះ គឺជាជំហានចាំបាច់មួយ ក្នុងការឆ្ពោះទៅដោះស្រាយវិបត្តិនេះ។ រាល់ឆ្នាំនៃការពន្យារពេល នាំឱ្យជីវិតមនុស្សជាច្រើននាក់ទទួលរងការបំផ្លិចបំផ្លាញ ឬត្រូវបាត់បង់។
យើងខ្ញុំ សូមអំពាវនាវសារជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារជាបន្ទាន់ ឱ្យស្របទាំងស្រុងតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងធានាថាអ្នករងផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ និងសង្គមស៊ីវិល បានចូលរួមប្រកបដោយអត្ថន័យពេញលេញនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការ នេះ ដើម្បីធានាថា ប្រជាជនគ្រប់រូបអាចរស់ចាកផុតពីអំពើហិង្សា។
ចំណុចខ្វះខាតសំខាន់ៗនៃច្បាប់អំពើហិង្សាក្នុងគ្រួសារបច្ចុប្បន្ន និងស្នើអោយមានការកែលំអនៅក្នុងការធ្វើវិសោធនកម្មនេះ រួមមាន៖
- ការខកខាន ដោយមិនបានដាក់បញ្ចូលមនុស្សគ្រប់រូបដែលរងហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារ ឱ្យបានគ្រប់ជ្រុង ជ្រោយទៅក្នុងវិសាលភាពច្បាប់។
- ការមិនបានកំណត់និយមន័យ កំណត់ជាបទល្មើសព្រហ្មទណ្ឌ និងរៀបរាប់អំពីទោសទណ្ឌ ចំពោះការ រំលោភបំពាន ផ្លូវកាយ ផ្លូវភេទ ផ្លូវអារម្មណ៍/ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច ដែលអាចធ្វើឱ្យគេអាចបកស្រាយច្បាប់នេះ តាមទស្សនៈផ្ទាល់ខ្លួន និងបើកឱកាសឱ្យមាននិរទណ្ឌភាព។
- ការគាំទ្រដោយប្រយោល នូវការប្រើអំពើហិង្សាក្នុងហេតុផល ថាជាវិធីក្នុងការ«ផ្តល់ដំបូន្មាន/ប្រៀនប្រដៅ/ដាស់តឿនក្រើនរំលឹក» ដល់ប្តីឬប្រពន្ធ កូន និងអ្នកនៅក្នុងបន្ទុក (មាត្រា៨) ដែលសិទ្ធិបែបនេះក៏ត្រូវបានផ្តល់ដល់ឪពុកម្តាយផងដែរ នៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា១០៤៥) ។
- ការអត់ឱនចំពោះអំពើហិង្សា «ស្រាល» ។ ច្បាប់នេះចែងថា បទលើ្មសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម «ធ្ងន់ធ្ងរ» គួរស្ថិតក្រោមនីតិវិធីព្រហ្មទណ្ឌ (មាត្រា១៩) ក៏ប៉ុន្តែ ច្បាប់ជាតិទាំងនោះមិនបានឱ្យនិយមន័យនៃបទល្មើសមជ្ឈិម «ធ្ងន់ធ្ងរ» ឡើយ ដែលជាការអនុញ្ញាតឱ្យអាជ្ញាធរមិនចាត់វិធានការតាមនីតិវិធីព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលពួកគេចាត់ទុកថា «ស្រាល»។
- ការលើកទឹកចិត្តឱ្យប្រើការអប់រំ ការផ្សះផ្សា និងការសម្រុះសម្រួល ក្នុងករណីអំពើហិង្សាផ្លូវអារម្មណ៍/ផ្លូវចិត្ត អំពើហិង្សាផ្នែកសេដ្ឋកិច្ច និងករណីអំពើហិង្សាក្នុងគ្រួសារដែលជាបទល្មើសព្រហ្មទណ្ឌ «ស្រាល» (មាត្រា១៣, ១៧, ២៦–២៧)។ គួរហាមឃាត់ការប្រើប្រាស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ដោះស្រាយរាល់ទម្រង់អំពើហិង្សាក្នុងគ្រួសារគ្រប់ករណីទាំងអស់ដែលមានចរិត ជាបទល្មើសព្រហ្មទណ្ឌ។
- ការមិនបានកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយ នូវកាតព្វកិច្ចជាក់លាក់របស់អាជ្ញាធរនានា ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារ។
- ការមិនបានកំណត់ឱ្យបានគ្រប់គ្រាន់ និងលម្អិត អំពីនីតិវិធី និងកិច្ចការពារ ដែលត្រូវផ្តល់ជូនតាមរយៈដីកា ការពារ និងសេចក្តីសម្រេចរដ្ឋបាលនានា។
- ការមិនបានកំណត់លើកញ្ចប់ថវិកាជាក់លាក់ចេញពីថវិកាជាតិ សម្រាប់ការអនុវត្តច្បាប់ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងសេវាគាំទ្រនានា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិ អង្គការក្លាហាន ទូរសព្ទ៖ +៨៥៥ ៧៨ ៩៧៤ ០៤០
- អយ ម៉ារីនី ប្រធានគម្រោង អង្គការនារីដើម្បីសន្តិភាព (WPM) ទូរសព្ទ៖ +៨៥៥ ៨៦ ៨៦០ ៤៣៣
- ជឹម ចាន់នាង អគ្គលេខាធិការ NGO-CEDAW ទូរសព្ទ៖ +៨៥៥ ១២ ៦៦៨ ៨៥៣
- សេង រាសី នាយិកាប្រតិបត្តិ អង្គការសីលការ ទូរសព្ទ៖ +៨៥៥ ១៧ ៩៣៣ ៣៣៦
- រឹមផាត បុប្ផាភួង ប្រធានកម្មវិធីតស៊ូមតិ និងបណ្តាញ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ទូរសព្ទ៖ +៨៥៥ ៦៩ ៦០០ ២៥៧
ក្រុមការងារនៃអង្គការសង្គមស៊ីវិលដើម្បីធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ រួមមាន៖
- អង្គការបន្ទាយស្រី (Banteay Srei)
- អង្គការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW)
- អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia)
- អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- អង្គការក្លាហាន (Klahaan Organization)
- អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision Cambodia)
- អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (CHEC)
- អង្គការនារីដើម្បីសន្តិភាព (WPM)
- អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International-Cambodia)
- អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
- អង្គការជំនួយជនបទ (RAO)
- អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
- អង្គការអប់រំសុខភាព និងបរិស្ថាន (EHE)
- អង្គការសីលការ (SILAKA)
- សហភាពការងារកម្ពុជា (CLC)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសារអង់គ្លេស, ទាញយកសេចក្តីថ្លែងការណ៍ជាភាសារខ្មែរ

