បន្ទាយមានជ័យៈ ជនសង្ស័យចំនួនបីនាក់ក្នុងចំណោមបក្ខពួក ១០ នាក់ ដែលចាប់រំលោភយុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាត់បញ្ជូនទៅតុលាការ បន្ទាប់ពីចាប់ខ្លួនបានកាលពីថ្ងៃអង្គារកន្លងទៅ។
លោក ព្រហ្ម ថេន នាយការិយាល័យជួញដូរមនុស្ស ការពារអនីតិជននៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិទ្ធ សុភាព ហៅ ធា ភេទប្រុសអាយុ ១៨ ឆ្នាំ ជាអ្នកដែលចាប់រំលោភស្ត្រីនោះមុនគេ ឃួន វុទ្ធីសែន ហៅ ក្រឹម ភេទប្រុស អាយុ១៩ឆ្នាំ និង ញឹម ធ្នូ ហៅ នូ ភេទប្រុសអាយុ១៩ឆ្នាំ ទាំង៣នាក់សុទ្ធតែសិស្ស ហើយបច្ចុប្បន្នរស់នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសហការជាមួយ អាវុធហត្ថ ស្រុកម៉ាឡៃ ចាប់ខ្លួននៅវេលាម៉ោង ៩ កន្លះ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិប៉ោយចារ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកបន្តថា៖ «ជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
មន្ត្រី កងរាជអាវុធហត្ថបានឲ្យដឹងដែរថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះទៅមើលគេបញ្ចាំងកុនក្នុងវត្តរស្មីមានជ័យតែម្នាក់ឯង នៅម៉ោង១០កន្លះយប់ ពេលកុនចប់ នាងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ។ លុះមកដល់សាលាបឋមសិក្សាត្មាតពង ភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ម៉ូតូនាងដាច់ច្រវាក់ ខណៈនោះមានក្មេង១ក្រុម ដែលមានម៉ូតូ៨គ្រឿងនិងបក្ខពួក១០នាក់បានចាប់អូសនាងយកទៅកន្លែង ស្ងាត់ជិតនោះ ហើយចាប់រំលោភ ម្ដងម្នាក់ៗ រួចគេចខ្លួនបាត់អស់។ ចំណែកស្រី្តរងគ្រោះឈ្មោះ ព.ណ អាយុ១៨ឆ្នាំ រស់នៅ ភូមិរស្មីមានជ័យ ឃុំទួលពង្រនេះដែរ។
អានបន្ត៖ បីនាក់ក្នុង១០នាក់ដែលរំលោភបូកបញ្ជូនទៅតុលាការ
