សេចក្តីថ្លែងការណ៍រួម៖ ប្រទេសកម្ពុជាត្រូវបំពេញតាមការសន្យារបស់ខ្លួន ក្នុងការកែប្រែច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ

ចេញផ្សាយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦

សេចក្តីថ្លែងការណ៍នេះ លើកឡើង​អំពីអំពើហិង្សាក្នុងគ្រួសារ។ ប្រសិនបើអ្នកកំពុងទទួល​រងអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាផ្លូវភេទ អ្នកអាច ទាក់ទង​អង្គការ​ណាមួយ​ ដើម្បីស្វែងរកការគាំទ្រ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ (ច្បាប់​អំពើហិង្សា​ក្នុងគ្រួសារ) ឆ្នាំ២០០៥ ត្រូវការធ្វើការកែប្រែ​ជាបន្ទាន់។ ការបន្តខកខានរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែច្បាប់នេះ បាន​ធ្វើឱ្យស្ត្រី កុមារ និងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) នៅទូទាំងប្រទេស បន្តប្រឈម ផលប៉ះពាល់ ដោយ​គ្មាន​កិច្ចការពារគ្រប់គ្រាន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល ក្រោមការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិ បានបង្ហាញ​​​វឌ្ឍនភាពឆ្ពោះទៅ​ការធ្វើវិសោធនកម្មច្បាប់នេះ តាមរយៈការចាត់​ឱ្យមាន​​ការវិភាគផ្នែកច្បាប់ គោលការណ៍​ណែនាំ និងរៀបចំផែនទីបង្ហាញផ្លូវមួយ ដែលនៅតែមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនៅឡើយ​ ទោះបីជាពេល​វេលា​​បាន​​កន្លងផុតទៅជាច្រើនឆ្នាំហើយក៏ដោយក្តី។ មកទល់​នឹង​ពេល​បច្ចុប្បន្ន សកម្មភាពទាំងនេះនៅមិនទាន់​បាន​កែ​តម្រូវ​ចំណុចខ្វះខាតដែលមាននៅក្នុងច្បាប់អំពើហិង្សាក្នុងគ្រួសារនៅឡើយទេ ហើយ​​កង្វះការពិគ្រោះ​យោប​ល់ ជា មួយ​អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ អំពីដំណើរការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ ក៏មិនបាន​បង្កើតនូវ​ទំនុក​ចិត្ត​ដែលថា ចំណុចខ្វះខាតទាំងនេះ​នឹងត្រូវបានដោះស្រាយប្រកបដោយអត្ថន័យពេញលេញនោះដែរ។

អំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យស្ត្រីនិងកុមារ​ជាប់គាំង​នៅក្នុងលំនៅឋានដែលគ្មានសុវត្ថិភាព រំខានដល់ការងារ និងការ​សិក្សា ព្រមទាំងបង្កការឈឺចាប់យូរអង្វែង​ទៅលើ​រាងកាយ​និងផ្លូវចិត្ត។ គ្រាន់តែ​អង្គការ​លីកាដូ(LICADHO) មួយប៉ុណ្ណោះ បានកត់ត្រាថា មានមនុស្សយ៉ាងតិចណាស់ ១៨១ នាក់ ត្រូវបានសម្លាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ     ចាប់តាំងពីឆ្នាំ២០២០ មក ដោយ​ក្នុងចំណោមនោះ មានស្ត្រី ២៤នាក់ កុមារី ៦នាក់ និងកុមារា ៥នាក់ ត្រូវបាន សម្លាប់ក្នុងរយៈពេលត្រឹមតែពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ។ ជនរងគ្រោះ​​ជា ច្រើនបានស្វែងរកជំនួយមុនពេលពួកគេស្លាប់ ប៉ុន្តែអាជ្ញាធរមួយចំនួនបាន​ត្រឹម​តែ​​ធ្វើការ «ការអប់រំ» ជនល្មើស និងផ្សះផ្សាដៃគូ/ប្តីប្រពន្ធឱ្យត្រូវរ៉ូវគ្នាវិញ​តែប៉ុណ្ណោះ។ ពុំ​មាន​ជនរងគ្រោះណាម្នាក់ក្នុងចំណោមពួកគេ ទទួលបានវិធានការទប់ស្កាត់ ឬកិច្ចការពារគ្រប់គ្រាន់នោះឡើយ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត នៅតែបន្ត​រស់ ក្នុងស្ថានភាព ហានិភ័យ នៃគ្រោះថ្នាក់ពីអំពើហិង្សាក្នុងគ្រួសារ ។

បច្ចុប្បន្ន ការតាក់តែងសេចក្តីព្រា​ងវិសោធនកម្មច្បាប់​នេះ ត្រូវបានគ្រោងឡើងក្រោមគម្រោង «ការពង្រឹងប្រព័ន្ធជាតិសម្រាប់ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ»។ គម្រោងនេះ ​អនុវត្តដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលរំពឹង​ថា​នឹងចាប់ផ្តើមសកម្មភាពនៅឆ្នាំក្រោយ។ អ្នកដែលធ្លាប់ទទួល​រងផល ប៉ះពាល់ដោយ​អំពើហិង្សាក្នុងគ្រួសារ និងអង្គការសង្គមស៊ីវិលនានា ត្រូវតែទទួល​បាន​​​ការ​ចូល​រួមក្នុង «ក្រុមការងារពហុវិស័យ» ​ដែលនឹងត្រូវបានបង្កើតឡើងនៅក្រោមគម្រោងនេះ​ ដើម្បីធានាថា ច្បាប់ដែលបានធ្វើវិសោធនកម្មរនោះ ​​ឆ្លើយតប​តាម​តម្រូវការនានារបស់អ្នក ដែលប្រឈមហានិភ័យ អំពើហិង្សាក្នុងគ្រួសារគ្រប់រូប ​ជនប្រព្រឹត្តទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំង​ហាមឃាត់ការសម្រុះសម្រួលនិង​ការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រប់ទម្រង់ ដោយសារហេតុផលលើ​​ភាពមិនស្មើគ្នានៃទំនាក់ទំនងអំណាច  ដែល កើត​មាននៅក្នុងការរំលោភបំពានប្រភេទ​ទាំងនេះ។

រាជរដ្ឋាភិបាលបានបង្ហាញពីចេតនាដំបូង ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ក្នុងរយៈ ពេលជាង​មួយទសវត្សរ៍កន្លងមកហើយ។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៤–២០១៨ (NAPVAW II) បានដាក់ចេញនូវគោលបំណងពិនិត្យឡើងវិញ និងធ្វើ​បច្ចុប្បន្ន​​មាត្រា មួយចំនួននៃច្បាប់នេះ។ បន្តាប់មកក៏មានការប្តេជ្ញាស្រដៀងគ្នាផ្សេងៗទៀតនេះជាបន្តរបន្ទាប់ដែរ ដូចជា នៅក្នុងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧–២០២១ និង ២០២៥–២០៣០) ផែនការ NAPVAW III (២០១៩–២០២៣) និងផែនការនារីរតនៈទី៦ (២០២៤–២០២៨)។ ទើបតែពេលថ្មីៗនេះ នៅក្នុងផែនការសកម្មភាពជាតិ NAPVAW IV (២០២៥–២០៣០) បានបញ្ជាក់ជាម្តងទៀត អំពីចេតនារបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្ម និងផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ​ ឱ្យស្របតាម​បទដ្ឋាន​ជាតិ​និងអន្តរជាតិ ប៉ុន្តែ​​ការ​​កំណត់ពេលវេលាដែលគួរអោយព្រួយបារម្ភនោះ គឺ​​អូសបន្លាយរហូតដល់ឆ្នាំ២០៣០។

       គម្លាតនានា ដែលមាននៅក្នុងច្បាប់ត្រូវបានរំលេច​ឡើ​ងជា​ច្រើន​លើកច្រើនសារមក​ហើយ។ តាំងពីឆ្នាំ២០១៥ មក ក្រុមសង្គមស៊ីវិល​បាន​លើក​ឡើ​ង​ថាច្បាប់នេះមានចំនុចខ្វះខាតមួយចំនួនយ៉ាងច្បាស់ ហើយ បានអំពាវនាវឱ្យធ្វើ វិសោធនកម្ម។ នៅក្នុង សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីឆ្នាំមុន ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងជាថ្មីថា ការពិនិត្យ ​ឡើងវិញទាំង​ស្រុង​ទៅលើ​ច្បាប់នេះ គឺជាជំហានចាំបាច់មួយ ក្នុង​ការ​ឆ្ពោះទៅ​ដោះស្រាយវិបត្តិនេះ។ រាល់ឆ្នាំនៃការពន្យារពេល នាំឱ្យជីវិតមនុស្សជាច្រើននាក់ទទួល​​រងការបំផ្លិច​បំផ្លាញ ឬត្រូវបាត់បង់។

យើងខ្ញុំ សូមអំពាវនាវសារជាថ្មីម្តងទៀត​ដល់រាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម ច្បាប់​ស្តីពី​អំពើហិង្សាក្នុងគ្រួសារជាបន្ទាន់ ឱ្យស្របទាំងស្រុងតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងធានាថាអ្នករងផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ និងសង្គមស៊ីវិល បានចូលរួមប្រកបដោយអត្ថន័យពេញលេញ​នៅគ្រប់ដំណាក់កាល​​ទាំងអស់​នៃដំណើរការ នេះ ដើម្បីធានាថា ប្រជាជនគ្រប់រូបអាចរស់​ចាកផុត​ពី​អំពើហិង្សា។

ចំណុចខ្វះខាតសំខាន់ៗនៃច្បាប់អំពើហិង្សា​ក្នុងគ្រួសារបច្ចុប្បន្ន និងស្នើអោយមានការកែលំអនៅក្នុងការធ្វើវិសោធនកម្មនេះ រួមមាន៖

  • ការខកខាន ដោយ​មិនបានដាក់បញ្ចូល​មនុស្សគ្រប់រូបដែលរង​ហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារ ឱ្យបានគ្រប់ជ្រុង ជ្រោយ​ទៅក្នុងវិសាលភាពច្បាប់។
  • ការមិនបានកំណត់និយមន័យ កំណត់ជាបទល្មើសព្រហ្មទណ្ឌ និងរៀបរាប់​អំពីទោសទណ្ឌ ចំពោះការ រំលោភ​បំពាន ផ្លូវកាយ ផ្លូវភេទ ផ្លូវអារម្មណ៍/ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច ដែលអាចធ្វើឱ្យគេ​អាច​​បកស្រាយ​ច្បាប់នេះ តាម​ទស្សនៈ​ផ្ទាល់ខ្លួន និងបើកឱកាសឱ្យមាននិរទណ្ឌភាព។
  • ការគាំទ្រដោយប្រយោល នូវការប្រើអំពើហិង្សាក្នុងហេតុផល ថាជាវិធីក្នុងការ«ផ្តល់​ដំបូន្មាន/ប្រៀនប្រដៅ/ដាស់តឿនក្រើនរំលឹក» ដល់ប្តី​ឬប្រពន្ធ កូន និងអ្នកនៅក្នុងបន្ទុក (មាត្រា៨) ដែលសិទ្ធិបែបនេះក៏ត្រូវបានផ្តល់ដល់ឪពុកម្តាយផងដែរ​ នៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា១០៤៥) ។
  • ការអត់ឱនចំពោះអំពើហិង្សា «ស្រាល» ។ ​ច្បាប់នេះចែងថា បទលើ្មសឧក្រិដ្ឋ និងបទល្មើស​មជ្ឈិម           «ធ្ងន់ធ្ងរ» គួរស្ថិតក្រោមនីតិវិធីព្រហ្មទណ្ឌ (មាត្រា១៩) ក៏ប៉ុន្តែ ច្បាប់ជាតិទាំងនោះ​មិនបានឱ្យនិយមន័យនៃបទល្មើស​​មជ្ឈិម «ធ្ងន់ធ្ងរ» ឡើយ ដែល​ជាការអនុញ្ញាត​ឱ្យអាជ្ញាធរមិន​ចាត់​វិធាន​ការតាមនីតិវិធីព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលពួកគេចាត់ទុកថា «ស្រាល»។
  • ការលើកទឹកចិត្តឱ្យប្រើការអប់រំ ការផ្សះផ្សា និងការសម្រុះសម្រួល ក្នុងករណីអំពើហិង្សាផ្លូវអារម្មណ៍/ផ្លូវចិត្ត អំពើ​ហិង្សាផ្នែកសេដ្ឋកិច្ច និងករណីអំពើហិង្សាក្នុងគ្រួសារដែលជាបទល្មើសព្រហ្មទណ្ឌ «ស្រាល» (មាត្រា១៣, ១៧, ២៦–២៧)។ គួរ​ហាមឃាត់ការប្រើប្រាស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់​ដោះស្រាយរាល់ទម្រង់អំពើហិង្សាក្នុងគ្រួសារគ្រប់ករណីទាំងអស់ដែលមានចរិត  ជាបទល្មើសព្រហ្មទណ្ឌ។
  • ការមិនបានកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយ នូវកាតព្វកិច្ចជាក់លាក់របស់អាជ្ញាធរនានា ក្នុងការទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារ។
  • ការមិនបានកំណត់​ឱ្យ​បានគ្រប់គ្រាន់ និងលម្អិត អំពី​​នីតិវិធី និងកិច្ចការពារ​ ដែល​ត្រូវផ្តល់ជូនតាមរយៈដីកា ការពារ និងសេចក្តីសម្រេចរដ្ឋបាលនានា។
  • ការមិនបានកំណត់លើកញ្ចប់ថវិកាជាក់លាក់​ចេញពី​ថវិកាជាតិ សម្រាប់ការអនុវត្តច្បាប់ កិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់ និងសេវាគាំទ្រនានា។

សម្រាប់ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

  • ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិ អង្គការ​ក្លាហាន ទូរសព្ទ៖ +៨៥៥ ៧៨ ៩៧៤ ០៤០
  • អយ ម៉ារីនី ប្រធានគម្រោង អង្គការនារីដើម្បីសន្តិភាព (WPM)  ទូរសព្ទ៖ +៨៥៥ ៨៦ ៨៦០ ៤៣៣
  • ជឹម ចាន់នាង អគ្គលេខាធិការ NGO-CEDAW ទូរសព្ទ៖ +៨៥៥ ១២ ៦៦៨ ​៨៥៣
  • សេង រាសី នាយិកាប្រតិបត្តិ  អង្គការ​សីល​ការ ទូរសព្ទ៖ +៨៥៥ ១៧ ៩៣៣ ៣៣៦
  • រឹមផាត បុប្ផាភួង ប្រធានកម្មវិធីតស៊ូមតិ និងបណ្តាញ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ទូរសព្ទ៖ +៨៥៥ ៦៩ ៦០០ ២៥៧

ក្រុមការងារនៃអង្គការសង្គមស៊ីវិលដើម្បីធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ រួមមាន៖ 

  1. អង្គការបន្ទាយស្រី (Banteay Srei)
  2. អង្គការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ​ (NGO-CEDAW)
  3. អង្គការ​​សម្ពន្ធសិទ្ធិកុមារ​កម្ពុជា (CRC-Cambodia)
  4. អង្គការ​យេនឌ័រ​និង​​អភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  5. ​អង្គការក្លាហាន (Klahaan Organization)
  6. អង្គការ​​ទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision Cambodia)
  7. អង្គការ​កម្ពុជា​ដើម្បី​សុខភាព និងការអប់រំសហគមន៍ (CHEC)
  8. អង្គការនារីដើម្បី​សន្តិភាព​ (WPM)​ 
  9.  អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជា (Plan International-Cambodia)
  10.  អង្គការស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស ​លី​កា​ដូ (​L​I​CAD​H​O)
  11.  សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
  12.  អង្គការជំនួយជនបទ (RAO)
  13.  អង្គការ​ទ្រទ្រង់​ស្រ្តីខ្មែរ (COWS)
  14.  អង្គការអប់រំសុខភាព និងបរិស្ថាន (EHE)
  15.  អង្គការសីលការ (SILAKA)
  16.  សហភាពការងារកម្ពុជា (CLC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសារអង់គ្លេស, ទាញយកសេចក្តីថ្លែងការណ៍ជាភាសារខ្មែរ


Related Articles